មន្ត្រីបរិស្ថានចាប់បង្ក្រាបគោយន្តកន្ត្រៃដឹកឈើដុល ទារលុយរាប់រយដុល្លារជាថ្នូរនឹងការដោះលែង ពលរដ្ឋថារថយន្តដឹកឈើនិងរថយន្តដឹកធ្យូងជាច្រើនគ្រឿងទៀតមិនបង្ក្រាប ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តកំពង់ស្ពឺ)៖ កាលពីកន្លងទៅឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង និងបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។

បើតាមប្រភពបែកធ្លាយមកថា កាលពីយប់ថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ មន្ត្រីបរិស្ថានប្រចាំការនៅចំណុច ស្នាក់ការ តេទឹកពុះ ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ក្រាប គោយន្តកន្ត្រៃដឹកឈើដុលចំនួន៣គ្រឿងយកមករក្សាទុកនៅស្នាក់ការដើម្បីអនុវត្តតាមផ្លូវច្បាប់ក៏ប៉ុន្តែការបង្ក្រាបគោយន្តខាងលើនេះធ្វើឡើងមិនទាន់បានបាត់ស្ងៀមផ្សែងម៉ាស៊ីនគោយន្តផងក៏ធ្វើការដោះលែងវិញជាថ្នូរនឹងលុយរាប់រយដុល្លារអាមេរិកដែលផ្ទុយទៅនឹងបទបញ្ជារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន និងប្រជាពលរដ្ឋ មានការចាប់អារម្មណ៍នោះគឺជារៀងរាល់ថ្ងៃ-យប់មានរថយន្តដឹកឈើ រ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូង រថយន្តដឹកអុសការ៉េ ជាច្រើនគ្រឿងធ្វើចរាចរណ៍ឆ្លងកាត់ស្នាក់ការរងតេទឹកពុះ និងឆ្លងកាត់ដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់នៅខាងលិចរង្វង់មូលផ្សារកន្តួតជាច្រើនគ្រឿងមិនដែលឃើញមន្ត្រីជំនាញចាប់ឬបង្ក្រាបទាល់តែសោះ ឬមួយក៏ក្រុមរថយន្តដឹកឈើ រ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូង រថយន្តដឹកអុសការ៉េ ទាំងអស់នោះបង់លុយជាប្រចាំ ឬបង់លុយជាខែទើបដំណើរការបានរលូនបែបនេះ?

បើតាមការបង្ហើបពីប្រជាពលរដ្ឋបានឱ្យដឹងថាការបង្ក្រាបគោយន្តកន្ត្រៃដឹកប្រភេទឈើដុលចំនួន៣គ្រឿង ទាំងយប់នេះធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីបរិស្ថានដែលចុះអនុវត្តតាមផ្លូវច្បាប់។ ប៉ុន្តែពួកគាត់ឆ្ងល់ថាការបង្ក្រាបនេះធ្វើបានតែមួយចម្អិនកំពឹស(មួយដង្ហើមចង្រិត) តែប៉ុណ្ណោះក៏ត្រូវបានដោះលែងគោយន្តកន្ត្រៃដឹកឈើទាំង៣គ្រឿងនោះទៅវិញជាថ្នូរនឹងលុយរាប់រយដុល្លារឯណោះ។

បើយោងតាមម្ចាស់គោយន្តបានឱ្យអង្គភាពសារព័ត៌មានយើងដឹងថា កាលពីយប់ថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ពូកគាត់ដឹកឈើប្រភេទឈើដុល (ហៅឈើគ្រាក់)បន្តិចបន្តួច ត្រូវបានកម្លាំងមន្ត្រីបរិស្ថានចាប់បង្ក្រាបគោយន្តយកមកទុកនៅស្នាក់ការរងតេទឹកពុះ និងទារលុយពួកគាត់ក្នុងមួយគោយន្តចំនួន១លានរៀលជាថ្នូរនឹងការដោះលែងគោយន្តដឹកឈើនោះវិញ។

ម្ចាស់គោយន្តបានបន្តទៀតថា ពួកគាត់គ្មានលុយនោះទេហើយពួកគាត់បានសុំអង្វរក ស្ទើរតែទន់ខ្លួនអស់ជាច្រើនម៉ោងដើម្បីសុំគោយន្តវិញប៉ុន្តែមន្ត្រីបរិស្ថានបានទារលុយពួកគាត់ក្នុងគោយន្តមួយ ៨០ម៉ឺនរៀល រហូតមកដល់រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ គោយន្តដែលមន្ត្រីបរិស្ថានចាប់បង្ក្រាបនោះត្រូវបានដោះលែងវិញហើយ ដោយម្ចាស់បានចំណាយលុយក្នុងម្នាក់ៗ ៨០ម៉ឺនរៀលតាមការទាមទាររបស់មន្ត្រីបរិស្ថាន។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះអ្នកយកព័ត៌មានយើងបានផ្ញើសារតាមប្រព័ន្ធ តេឡេក្រាមទៅលោក ស៊ុន សុលាង ប្រធានការិយាល័យស្ដីទីនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីសុំការបកស្រាយបំភ្លឺបន្ថែមឃើញលោកចូលមើលហើយមិនមានការឆ្លើយតប។

ដោយឡែកលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនលោកតាមប្រព័ន្ធតេឡេក្រាម និងស្នើសុំលោកជួយបញ្ជាក់បន្ថែមជុំវិញការលើកឡើងខាងលើនេះ ឃើញលោកចូលមើលហើយតែលោកមិនបានបកស្រាយអ្វីទេ។

ដូច្នេះប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានគោរពស្នើសុំទៅដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដាក់កម្លាំងអធិការកិច្ចបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើមន្ត្រីបរិស្ថានប្រចាំការនៅស្រុកឱរ៉ាល់ដែលបានទារលុយពីម្ចាស់គោយន្តដឹកជញ្ជូនប្រភេទឈើដុលជាថ្នូរនឹងការដោះលែងដោយមិនបានអនុវត្តតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងនោះផង។

អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារពីប្រជាពលរដ្ឋជូនដល់ប្រមុខថ្នាក់ដឹកនាំឱ្យលោកបានជ្រាប និងនាំសារឬដំណឹងពីប្រមុខថ្នាក់ដឹកនាំឱ្យប្រជាពលរដ្ឋបានដឹង និងរិះគន់ក្នុងន័យស្ថាបនាពុំមានចេតនាណាមួយ មួលបង្កាច់ ឬជាន់ពន្លិចស្ថាប័នណាមួយឡើយ។ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍