ការពុះដីឡូតិ៍ និងការជីកកកាយដីលក់នៅព្រំដែនកម្ពុជាថៃ ខេត្តប៉ៃលិន កក្រើកឡើងវិញ ខណ:គេសង្ស័យថា មានគ្រឿងចក្រមួយចំនួនអត់បានសុំច្បាប់ទម្លាប់ត្រឹមត្រូវ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមានគ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿងកំពុងជីកកកាយដីដឹកលក់យ៉ាងគគ្រឹកគគ្រេងនៅព្រំដែនកម្ពុជាថៃ និងការពុះដីឡូតិ៍បានកក្រើកសារជាថ្មីឡើងវិញក្រោយពេលស្ងប់ស្ងាត់អស់មួយរយ:ពេល។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជាថៃបានរៀបរាប់ឱ្យដឹងដូចៗគ្នាថា អស់រយ:ពេលជាច្រើនថ្ងៃខែមកហើយ ដែលមានគ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿងបានធ្វើសកម្មភាពជីកកកាយដីនៅត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកលក់នៅតាមភូមិបន្តកន្ទុយគ្នាបណ្តាលឱ្យធូលីដីហុយចូលផ្ទះប្រជាពលរដ្ឋបង្កទៅជាបញ្ហាជំងឺផ្លូវដង្ហើម កើតជំងឺផ្តាសាយ និងប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមផងដែរ។ ប្រភពបន្តទៀតថា ដោយសង្កេតឃើញគ្រឿងចក្រ និងរថយន្តដឹកដីខ្លះអត់មានស្លាកលេខត្រឹមត្រូវ គេសង្ស័យថា គ្រឿងចក្រទាំងនេះធ្វើការជីកកកាយដីដឹកលក់គ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ ម្យ៉ាងវិញទៀត រហូតមកដល់ពេលនេះ ការពុះដីឡូតិ៍លក់ក៏ចាប់ផ្តើមកក្រើកឡើងវិញមានការងាយស្រួលជាកាលពីមុនដោយអ្នកពុះដីឡូតិ៍មុនមានការលំបាកខ្លាំងត្រូវបង់ពន្ធស្របតាមច្បាប់អស់ច្រើនតែគេសង្ស័យអ្នកចាប់ផ្តើមពុះដីឡូតិ៍ថ្មីៗនេះមានឥទ្ធិពលខ្លាំងទើបដំណើរការពុះដីឡូតិ៍លក់ដំណើរការយ៉ាងរលូន។

ពាក់ព័ន្ធនឹងបញ្ហានេះ បុរសម្នាក់ដែលអះអាងថា ជាម្ចាស់ដីឡូតិ៍យីហោឃុននារីប៉ៃលិនបានឱ្យដឹងថា ពួកគាត់បានសុំច្បាប់ត្រឹមត្រូវដល់ថ្នាក់លើអស់ហើយដោយបង់ពន្ធស្របច្បាប់។ ចំណែកឯរថយន្តដែលកំពុងតែជីកកកាយដីនៅក្បែរដីឡូតិ៍របស់ខ្លួននោះខាងលោកមិនដឹងនោះទេ។

បើតាមមេការគ្រឿងចក្រម្នាក់ឈ្មោះ ម៉ៅ បានអះអាងថា គ្រឿងចក្រ និងរថយន្តដឹកដីទាំងអស់មានច្បាប់អស់ហើយតែខាងលោកមិនអាចបង្ហាញជូនដល់អ្នកសារព័ត៌មានឱ្យពិនិត្យមើលបានទេ។ ចំណែកការសុំច្បាប់ជីកកកាយដីដឹកលក់ក៏សុំច្បាប់អស់ដែរ មុននឹងចុះទៅជីកកកាយដីដឹកលក់បែបនេះ។ បើតាមប្រភពព័ត៌មានពីលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅបានឱ្យដឹងដែរថា គ្រឿងចក្រ និងរថយន្តទាំងអស់នោះបានសុំច្បាប់អស់់ហើយ៕

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍