ក្រុមហ៊ុនចិនចាប់ផ្តើមចាប់អារម្មណ៍វិនិយោគលើវិស័យរុករកធនធានរ៉ែក្នុងខេត្តប៉ៃលិន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តប៉ៃលិន)៖ គេសង្កេតឃើញក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក លីយូ ស៊ីអាវ (LIU XIAO) អគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានចាប់ផ្តើមបង្ហាញពីចំណាប់អារមុ្មណ៍ក្នុងការវិនិយោគលើវិស័យធនធានរ៉ែនៅក្នុងខេត្តប៉ៃលិន។

លោក លីយូ ស៊ីអាវ (LIU XIAO) ជាអគ្គនាយកសាខា ក្រុមហ៊ុនយុនណាន ខនស្ត្រាក់សិន អេនអិនវេសមិន ហូលឌិង គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលា និងបានផ្តល់ឱកាសឱ្យរូបលោក និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីសក្តានុពលរបស់ខេត្តប៉ៃលិនដើម្បីជាមូលដ្ឋានឱ្យក្រុមហ៊ុនមានលទ្ធភាពសិក្សា និងធ្វើការវិនិយោគស្របទៅតាមមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនជាពិសេសគឺការវិនិយោគទៅលើវិស័យរុករកធនធានរ៉ែពីព្រោះក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនវិនិយោគក្នុងប្រទេសដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើអាជីវកម្ម ឧស្សាហកម្មរ៉ែលោហៈនៅសាធារណរដ្ឋប្រជាមានិតចិន។

ជាការឆ្លើយតបពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ខេត្តប៉ៃលិនជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ក្នុងនោះខេត្តប៉ៃលិនក៏មានធនធានរ៉ែដ៏សម្បូរបែប ដូចជា រ៉ែត្បូង រ៉ែមាស និងរ៉ែលោហធាតុផ្សេងៗជាច្រើនទៀត។ ដូច្នេះលោកជំទាវពិតជាសូមស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគស្របច្បាប់ទាំងជាតិ និងអន្តរជាតិដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើនឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកជំទាវអភិបាលខេត្តបានបន្តថា ទិសដៅរបស់រាជរដ្ឋាភិបាលគឺចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជាដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ និងការខិតខំជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាជាដើមដូច្នេះការវិនិយោគរបស់វិស័យឯកជនគឺជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀតស្របតាមគន្លឹះអាទិភាពគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍