ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ រចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តប៉ៃលិន។

នៅក្នុងពិធីនេះក៏មានការចូលរួមពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត សមាជិក សមាជិកា គណៈចលនាមហាជនទទួលបន្ទុកក្រុង ស្រុក សមាជិកា សមាជិកាមន្រ្តីគណបក្ស សរុប១៩២នាក់។ ជាកិច្ចចាប់ផ្តើម លោកជំទាវ បាន ស្រីមុំ ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការគណបក្សខេត្តប៉ៃលិនបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះ។ ជាមួយគ្នានោះ លោកជំទាវ បាន ស្រីមុំ បានធ្វើរបាយការណ៍សង្ខបស្តីពីរចនាសម្ព័ន្ធ និងលទ្ធផលការងារកន្លងមករបស់គណៈចលនាមហាជនខេត្តប៉ៃលិន ដោយរំលេចពីការពង្រឹងរចនាសម្ព័ន្ធគណៈចលនាមហាជនក្រុង ស្រុក និងយកចិត្តទុកដាក់លើក្បាលម៉ាសុីន។ លោកជំទាវក៏បានគូសបញ្ជាក់អំពីភាពឈ្នះរបស់គណបក្សប្រជាជនខេត្តប៉ៃលិនក្នុងការទទួលបានលទ្ធផលជោគជ័យនៃការបោះឆ្នោតកន្លងទៅ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានទាំង៥ ជូនចំពោះគណៈចលនាមហាជនខេត្តដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន និងនាំមកនូវភាពឈ្នះជូនគណបក្សប្រជាជនជាបន្តបន្ទាប់។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលនាពេលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដោយផ្ទាល់ដល់គណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិនទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវត្តន៍ថ្មីៗ ក៏ដូចជាស្ថានភាពនយោបាយដែលបាននឹងកំពុងជះឥទ្ធិពល មកលើសតិអារម្មណ៍មហាជន។ ឯកឧត្តមបានបន្ថែមថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបានគឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋានដែលតែងតែកសាងជំនឿចិត្តជូនប្រជាជនរហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ សមិទ្ធផលទាំងនោះរួមបញ្ចូលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងជំរុញការអនុវត្តវិធានការគន្លឹះទាំង៥ ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀតគួរជាទីមោទនៈផងដែរ៕

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍