សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ ជូនសិក្ខាកាមចំនួន ៦៨៤នាក់ដែលមានការចូលរួមពីឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍន:ប្រូវើរី លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានមតិសំណេះសំណាល និងផ្តាំផ្ញើទៅសិក្ខាកាមទាំង៦៨៤រូបដែលបានចូលរួមត្រូវតែព្យាយាមក្រេបយកនូវចំណេះដឹងពីគ្រូឧទ្ទេសដែលមានបទពិសោធន៏យូរឆ្នាំគ្រាន់ទុកជាស្ពាន និងជាយាន្ដផ្ដល់ជាចំណេះដឹង និងជំនាញឱ្យសិក្ខាកាមយកទៅប្រើប្រាស់ប្រកបដោយភាពល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ និងទៅអនាគត។

ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្ដិយសសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានធ្វើការកោតសរសើរចំពោះសមាគមសារព័ត៌មានដែលបានរួមគ្នាបង្កើតឡើងនូវឱកាសសិក្សា និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនអ្នកសារព័ត៌មាន ក៏ដូចជា សិស្ស និស្សិត និងមន្ដ្រីរាជការ ហើយក៏ជាការចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាលើវិស័យសារព័ត៌មាន។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានថ្លែងប្រាប់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ក្រោមប្រធានបទ «មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» គឺបានលើកយកនូវមេរៀនដែលជាការឆ្លើយតបយ៉ាងសំខាន់លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យាលើការគ្រប់គ្រងសណ្ដាប់ធ្នាប់ព័ត៌មាន និងបានបង្ហាញឱ្យឃើញពីទិដ្ឋភាព នៃសិទ្ធិបញ្ចេញមតិសិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខ័ណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញឌីជីថល និងដើម្បីជាការផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗជាច្រើនទុកជាទុនសម្រាប់សិក្ខាកាម ក៏ដូចជា អ្នកសារព័ត៌មានអាចរក្សាទុកដើម្បីធ្វើការអនុវត្តលើវិស័យសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។ លោកបណ្ឌិតបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនាឱកាសនេះគឺទទួលបានការគាំទ្រ និងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន និងបានផ្ដល់នូវកិត្ដិយសធ្វើបទបង្ហាញផ្ទាល់ជូនសិក្ខាកាម ចំនួន៦៨៤នាក់ផងដែរ។

គួររំលឹកផងដែរថា វគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ នេះត្រូវបានរៀបចំឡើងដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ និងរួមសហការរៀបចំពី សមាគមសារព័ត៌មានគេហទំព័រកម្ពុជា សមាគមអ្នកសារព័ត៌មានយុវជន និងសមាគមអ្នកសារព័ត៌មានមាគ៌ាសន្ដិភាព និងទទួលបានការគាំទ្រពីក្រសួងបរិស្ថានព្រមទាំងមានការចូលរួមឧបត្ថម្ភធំលើការសម្រួលកម្មវិធីពីសំណាក់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន VATTANAC BREWERY ផងដែរ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍