ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមដាំកូនត្នោតចំនួន ៥០០០ដើម តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម
(ត្បូងឃ្មុំ)៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានអញ្ជើញចូលរួមដាំកូនត្នោតចំនួន ៥០០០ដើម តាមបណ្តោយផ្លូវក្រវាត់ព្រំដែន កម្ពុជា-វៀតណាម នៅចំណុចបង្គោលព្រំដែនលេខ១២៩ ដល់ ១៣០ និង ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូលព្រមទាំងមានការចូលរួមពីលោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។
នាឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បានមានប្រសាសន៍ថា ការចូលរួមក្នុងការដាំដើមត្នោតតាមបណ្តោយបន្ទាត់ព្រំដែននេះគឺចូលរួមចំណែកដើម្បីបណ្តុះផ្នត់គំនិតពន្លកបៃតងដើម្បីពង្រីកភាពបៃតងដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដីក៏ដូចជាទប់ស្កាត់នៃការឡើងកម្ដៅហើយអ្វីដែលយើងត្រូវធ្វើគឺការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃឈើជំនួសមកវិញ។ ហើយការដាំដើមត្នោតនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះផ្នត់គំនិតពន្លកបៃតងដល់ប្រជាសហគមន៍គ្រប់មូលដ្ឋានទាំងអស់មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើឱ្យបានច្រើន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការចូលរួមដាំដើមត្នោតចំនួន ៥០០០ដើម តាមបណ្តោយក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន។