ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីនេះរៀបចំឡើងស្ថិតនៅជិតវិមានឯករាជ្យ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ និងចំទិវាអបអរសាទរ ខួប៣១ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ថ្ងៃនេះត្រូវជាខួប៣១ឆ្នាំ ដែលប្រជាជាតិកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានរដ្ឋធម្មនុញ្ញដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរមានឆន្ទៈ គោរពការពារលើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិយើង។