ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានរួមជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋបានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាមបានចំនួន៤២គីឡូម៉ែត្រក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានរួមជាមួយក្រុមការងារចុះមូលដ្ឋានតំណាងក្រសួងស្ថាប័នមួយចំនួនព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំបានដាំកូនត្នោតសរុបចំនួន ២២០០០ ដើម នៅតាមមូលដ្ឋាន និងបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង ៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំរួមជាមួយប្រជាពលរដ្ឋសរុបប្រមាណ ១០០០នាក់ បានជួបជុំគ្នានាដាំកូនត្នោត សរុបចំនួន ៧០០០ដើម បន្ថែមទៀត ដើម្បីដាំបង្ហើយនៅតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំកក់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពេលថ្មីៗកន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យដាំត្នោតជាជួរបានច្រើនជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាន និងចូលរួមការពារអត្តសញ្ញាណជាតិ និងទឹកដីមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងជំរុញការអនុវត្តយុទ្ធនាការ«ពន្លកបៃតង» ដោយចូលរួមដាំឈើឱ្យបាន៣លានដើមបន្ថែមទៀត នៅឆ្នាំខាងមុខជាបន្តបន្ទាប់ខណៈនៅក្នុងឆ្នាំ២០២៤ តាមរយៈយុទ្ធនាការបណ្តុះផ្នត់គំនិតពន្លកបៃតងរបស់ក្រសួងបរិស្ថាន បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដើម្បីយកទៅដាំនៅតាមមូលដ្ឋានសាលារៀន វត្តអារាម ដាំស្តារព្រៃ និងនៅតាមទីសាធារណៈបានចំនួន ១,៣លានដើម។ ក្រសួងបរិស្ថានបានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើមដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះផងដែរ។ នៅឆ្នាំ២០២៥ខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានត្រៀមកូនត្នោតចំនួនជាង១លានដើមផងដែរសម្រាប់បន្តដាំនៅតាមតំបន់សហគមន៍ក្បែរក្រវាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។ គោលបំណងសំខាន់នៃយុទ្ធនាការពន្លកបៃតងគឺបង្កើនគម្របបៃតងឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនគម្របព្រៃឈើឱ្យបាន ៦០% និងកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋរួមសាមគ្គីគ្នាដាំដើមឈើឱ្យបានច្រើន ជួយថែរក្សាការពារសម្បត្តិធម្មជាតិ និងកុំកាប់ដើមឈើដើម្បីទុកជាម្លប់កាត់បន្ថយកម្តៅ និងផ្តល់ខ្យល់អាកាសបរិសុទ្ធសម្រាប់ដកដង្ហើម ព្រមទាំងចូលរួមទាំងអស់គ្នាដើម្បីធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើង មានភាពស្អាត មានភាពបៃតង និងមានការអភិវឌ្ឍដោយចីរភាពសម្រាប់គ្រប់ៗជំនាន់តទៅ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែកកូនត្នោត ដោយឥតគិតថ្លៃចំនួនសរុបជាង ២០០០០ ដើមរួចមកហើយ ដើម្បីដាំតាមខ្សែក្រវ៉ាត់ព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាងក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អំណោយកូនត្នោត ចំនួន១០ ០០០ដើម និងអញ្ជើញចូលរួមដាំដោយផ្ទាល់ជាមួយ រដ្ឋបាលខេត្ត យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់មកទៀត ប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានចូលរួមដាំកូនត្នោតចំនួន១២ ០០០ដើម បន្ថែមទៀតជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជាសរុបកូនត្នោតចំនួន ២២ ០០០ ដើមត្រូវបានដាំជាជួរតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងក្នុងភូមិសាស្រ្តស្រុកពញាក្រែកប្រវែងសរុប ៤២គីឡូម៉ែត្រ។

សូមជម្រាបផងដែរថា ខេត្តត្បូងឃ្មុំមានខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាង សរុបប្រវែង១៤៣គីឡូម៉ែត្រ ហើយត្រូវការកូនត្នោតចំនួនជិត៧ម៉ឺនដើមដាំនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែនទាំងអស់នោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍