ខេត្តប៉ៃលិន ត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្តបានអញ្ជើញពិនិត្យមើល ទីតាំងរៀបចំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹង តារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បើទោះបីជាខេត្តប៉ៃលិនមិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូកទៅប្រកួតប្រណាំងនៅរាជធានីភ្នំពេញក៏ដោយក៏រដ្ឋបាលខេត្តនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះឱ្យបានអធឹកអធមដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តក្នុងខេត្តផងដែរ។
លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ នៅក្នុងគណៈកម្មការរៀបចំបុណ្យជាតិ -អន្តរជាតិខេត្តទាំងអស់ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ដើមី្បធ្វើយ៉ាងណារំលេចនូវអត្តសញ្ញាណរបស់ជាតិក្នុងការទាក់ទាញអារម្មណ៍ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យឱ្យមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ជាពិសេសត្រូវផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី និងការរៀបចំស្តង់ពិព័រណ៌។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ស្នើដល់ប្រជាពលរដ្ឋដែលបានធ្វើប្រទីបលក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះមិនអនុញ្ញាតឱ្យយកឧបករណ៍ស្នោធ្វើជាប្រទីបនោះឡើយដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយបើអាចសូមបងប្អូនធ្វើប្រទីបពីដើមចេកវិញដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងព្រមទាំងបង្កើតនូវជីវៈចម្រុះក្នុងទឹកទៀតផងម៉្យាងវិញទៀតចំពោះរាល់ស្តង់លក់ដូរទាំងអស់ត្រូវគោរពតាមការ ណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យបរិស្ថានតែបើមានស្តង់មួយណាបានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ៕
សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទៅ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តនឹងចូលរួមពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនៅស្ទឹងតារាប ដោយមានការចូលរួមផ្តល់ជូននូវម្ហូបអាហារ នំចំណីដោយឥតគិតថ្លៃពីសំណាក់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រម ទាំងមានការប្រគុំតន្ត្រី បង្ហោះគោម និងការបាញ់កាំជ្រួចផងដែរ៕