អភិបាលខេត្តប៉ៃលិនចុះសំណេះសំណាលសួរសុខទុក្ខអាជីវករក្នុងផ្សារប៉ាហ៊ី
(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង ក្រុមការងារបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងសំដៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ដោយសារប្រទេសជាតិក៏ដូចជាខេត្តប៉ៃលិនយើង មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដូច្នេះផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នៅថ្ងៃអនាគតក៏មានផែនការគ្រោងរៀបចំកែលម្អទីតាំងថ្មីបន្ថែម និងតូបលក់ដូរឱ្យកាន់តែមានសោភណ្ឌភាព អនាម័យ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពររបស់បងប្អូនអាជីវករ ជាពិសេសផ្តល់នូវសេវាដល់អតិថិជនពីគ្រប់មជ្ឈដ្ឋានរួមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់ បងប្អូនអាជីវករក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភណ្ឌភាពសាធារណៈដោយត្រូវដាក់ទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ចៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវបណ្តាលឱ្យកកស្ទះចរាចរណ៍ជាពិសេសគណៈគ្រប់គ្រងផ្សារត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ៕