រដ្ឋបាលខេត្តប៉ៃលិនប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅស្រុកសាលាក្រៅ
(ប៉ៃលិន)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុក សុផលអភិបាលរងខេត្តតំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនលោកប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តលោក លោកស្រីប្រធានមន្ទីរ ឬតំណាងឱ្យមន្ទីរនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាង១០០នាក់ចូលរួមផងដែរ។
ឯកឧត្តម ហ៊ុក សុផល អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា គោលបំណងនៃរដ្ឋបាលដីធ្លីដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសរហូតទទួលបានសុខសន្តិភាពពេលលេញហើយបានបន្តដំណើរ មកដល់សហសម័យកម្ពុជាដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី៧នេះ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពាក់ព័ន្ធនិងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើអចលនវត្ថុទាំងរដ្ឋ និងឯកជនឱ្យបានច្បាស់លាស់ ធ្វើការផ្ទេរសិទ្ធិលើទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទសំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីធានាបាននូវទំនុកចិត្ត និងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។
ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាព វិមជ្ឈការ និងវិសហមជ្ឈការ និងសមភាពយេនឌ័រដើម្បីបង្កើតបានជាវប្បធម៌នៃ ការចុះបញ្ជីដីធ្លី និងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែលមានលក្ខណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័ស និងងាយទទួលយកបាន។
ជាមួយនឹងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ដូចនេះក្នុងនាមរដ្ឋបាលខេត្តផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែស្វាត់ស្វែងជួយសម្របសម្រួលជួយបំពេញឯកសារ និងពន្យល់រាល់ចំណុចខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលាជាងនេះទៅទៀតមន្ត្រីប្រចាំការនៅកន្លែងបិទផ្សាយត្រូវយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងពិនិត្យឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធនានាដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ដីមានភាពកក់ក្តៅ និងមានទំនុកចិត្តដោយឈរលើគោលការណ៍ច្បាប់ជាធរមាន។ បន្ថែមពីនេះ ខ្ញុំក៏សូមធ្វើការផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីនេះ នៅក្នុងភូមិវាល ភូមិទួល ភូមិលាវ និងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនទាំងអស់ត្រូវត្រៀមរៀបចំនូវរាល់ឯកសារពាក់ព័ន្ធទុកមុនជាស្រេចដើម្បីបង្កភាពងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារចុះបញ្ជីដីធ្លី ពិនិត្យ និងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនឱ្យរលូន និងមានប្រសិទ្ធិភាពខ្ពស់។
លោក សែម សុខន ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុម១បានឱ្យដឹងថា ថ្ងៃនេះប្រកាសបិទផ្សាយចំនួន៤ភូមិស្ថិតនៅភូមិសាលាក្រៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានក្បាលដីសរុបចំនួន១៦៣០ក្បាលដីគឺមាន៖ទី១.ភូមិវាល មានប្រជាជនចំនួន២៩៥គ្រួសារ ចំនួនក្បាលដីដែលចុះបញ្ជីមាន៤៦៧ក្បាលដីហើយក្បាលដីដែលម្ចាស់មិនមកបំពេញទិន្នន័យមានចំនួ២៩ក្បាលដី។ទី២.ភូមិទួល មានប្រជាជនចំនួន២០៤គ្រួសារ ចំនួនក្បាលដីចុះបញ្ជី ៣០៩ក្បាលដីមិនបានមកបំពេញទិន្នន័យចំនួន១០ក្បាលដី។
ទី៣.ភូមិលាវ មានប្រជាជនរស់នៅ១៧០គ្រួសារ មានក្បាលដីចំនួន៤១៥ក្បាលដី មិនបានមកបំពេញទិន្នន័យចំនួន១៩ក្បាលដី។
ទី៤.ភូមិអូរឫស្សីក្រោម មានប្រជាជនចំនួន២៤០គ្រួសារ មានក្បាលដីចំនួន៤៣៩ក្បាលដីហើយក្បាលដីដែលម្ចាស់មិនមកបំពេញទិន្នន័យមានចំនួន២៤ក្បាលដី៕