លោកអភិបាលស្រុកកោះធំហាក់បីដូចជាបំបាក់ស្មារតីអ្នកសារព័ត៌មានពេកហើយទុករយៈពេល២៤ ម៉ោងឱ្យអ្នកសារព័ត៌មានមកបំភ្លឺនៅរដ្ឋបាលសាលាស្រុក
(ខេត្តកណ្ដាល)៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មានជាច្រើនមានការចុះផ្សាយព័ត៌មានក្រោមចំណងជើងថា {លោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាលរឿងដណ្តើមតូបគ្នា } ។
ថ្មីៗនេះគេឃើញមានលិខិតរបស់រដ្ឋបាលស្រុកកោះធំមួយច្បាប់គ្មានលេខបានចេញកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៤ នេះថា សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកកោះធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជននិងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤ មានអង្គភាពសារព័ត៌មានចំនួនពីរបានធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធករណីដណ្ដើមតូបរបស់អាជីវករលក់ដូរក្នុងផ្សារកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ដែលរដ្ឋបាលស្រុក បានចេញលិខិតមកនេះហាក់បីដូចជាផ្ទុយស្រឡះពីអត្ថបទរបស់អង្គភាពសារព័ត៌មានបានធ្វើការផ្សព្វផ្សាយនោះដោយផ្អែកលើឆន្ទៈរបស់រដ្ឋបាលថា ជាការចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវជុំវិញផ្សារ។
ក្នុងការចេញលិខិតរបស់រដ្ឋបាលស្រុកកោះធំបានផ្ទុយស្រឡះពីអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយនោះក្នុងការសំណេរអត្ថបទផ្សព្វផ្សាយរបស់សារព័ត៌មានគឺក្នុងខ្លឹមសារជាការដណ្ដើមតូបរវាងអាជីវករ និងអាជីវករតែប៉ុណ្ណោះ។ ដោយមិនបានការចុះផ្សាយទៅលើការរៀបចំសណ្ដាប់ធ្នាប់ផ្សារនោះឡើយ? អង្គភាពសារព័ត៌មានធ្វើការចុះផ្សាយដោយផ្អែកលើ និងយោងតាមលិខិតរដ្ឋបាលខេត្តលេខ: ១២០៨ សជព ជម្រាបជូនលោកអភិបាលនៃគណៈអភិបាលស្រុកកោះធំ កណ្ដាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
កម្មវត្ថុ: ស្ដីពីសំណើសុំជួយអន្តរាគមន៍ដោះស្រាយករណីឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ ជនជាតិឥស្លាម ដែលជាអាជីវករលក់ដូរក្នុងផ្សារកោះធំបានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់ឈ្មោះ កើត ភូ និងឈ្មោះ អ៊ឹម អូន យោងលិខិតចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ របស់ កើត ភូ និងឈ្មោះ អ៊ឹម អូន។
-ចំណារចុះថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២៤ របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។ ហត្ថលេខានិងត្រារបស់នាយករដ្ឋបាល ជី ស៊ីវុត្ថា ។
អង្គភាពសារព័ត៌មានជាច្រើនអង្គភាព ព្រមទាំងមហាជនកំពុងតែមានការងឿងឆ្ងល់ថា ចុះមូលហេតុអ្វីបានជាលោកអភិបាលស្រុកកោះធំ ឆែ វណ្ណឌី មិនព្រមធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបែរជាមកក្តៅស្លឹកត្រចៀកដាក់អ្នកសារព័ត៌មានទៅវិញ? ប្រហែលជាអង្គភាពសារព័ត៌មានបានផ្សាយចំចំណុចរសើបរបស់លោកអភិបាលស្រុកកោះធំ ឆែ វណ្ណឌី ទេដឹង ?
ក្នុងនាមមន្ត្រីបម្រើរាស្ត្រ តើឱ្យរាស្ត្រសង្ឃឹមអ្វីទៅនៅថ្ងៃខាងមុខ ? បើរឿងកំប៉ិកកំប៉ុកមិនដោះស្រាយដូចដែលពលរដ្ឋចង់បានផង អញ្ចឹងហើយបានជាប្រជាពលរដ្ឋរត់រកសារព័ត៌មានដើម្បីជាព្រាបនាំសារជូនព័ត៌មានទៅដល់ថ្នាក់ដឹកនាំបានឃើញនូវអ្វីដែលជាការពិតនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ការចេញសេចក្តីប្រកាស និងទុកពេលត្រឹម២៤ម៉ោងពីសំណាក់រដ្ឋបាលស្រុកកោះធំមកលើសារព័ត៌មានចំនួន២អង្គភាពនេះប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជាទេដឹង? ហើយម្យ៉ាងវិញទៀត អ្នកសារព័ត៌មាននិងមន្ត្រីគឺជាក្រដាសប្រាក់តែមួយបើក្រដាសប្រាក់នោះមិនមានខ្សែដែកក៏ក្រដាសប្រាក់នោះមិនអាចចាយបានដែរ? ហើយលិខិតរបស់រដ្ឋបាលស្រុកកោះធំគឺជាលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកកោះធំតែប៉ុណ្ណោះមិនមែនលិខិតឱ្យអ្នកសារព័ត៌មានទៅបំភ្លឺនៅរដ្ឋបាលស្រុកកោះធំទេ។
ខណៈដែលឈ្មោះ កើត ភូ និងឈ្មោះ អ៊ឹម អូន បានដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ទៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីឱ្យជួយដោះស្រាយរឿងឈ្មោះ កែវ កុសល និង ឈ្មោះ សម្រស់ បានរំលោភបំពានដណ្តើមយកតូបលក់ដូររបស់ពួកគាត់ប៉ុន្តែលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំមិនធ្វើការដោះស្រាយរឿងវិវាទតូបលក់ដូរទេបែរជានិយាយពីរឿងរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ២១ទៅវិញទើបធ្វើឱ្យម្ចាស់តូបឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អ៊ឹម អូន ធ្វើការស្នើសុំឱ្យសារព័ត៌មានធ្វើការផ្សព្វផ្សាយឱ្យថ្នាក់ដឹកនាំខាងលើជួយអន្តរាគមន៍ដោះស្រាយនិងជួយរកយុត្តិធម៌ជូនពួកគាត់ម្ចាស់តូប ដែលរងនូវភាពអយុត្តិធម៌។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយដោយយោងតាមលិខិតរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរតែប៉ុណ្ណោះមិនបានបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិតនោះឡើយ៕