លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលបញ្ហាជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជនលិចភូមិផ្សារព្រំបានស្រកអស់សភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២:៤៧យប់នៅច្រកទ្វារអន្តរជាតិព្រំ
(ខេត្តប៉ៃលិន)៖ យោងតាមរបាយការណ៍អភិបាលខេត្តប៉ៃលិន កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំជន់លិចច្រកទ្វារព្រំដែនអន្តរជាតិព្រំបានស្រកអស់វិញហើយវិលត្រឡប់មកសភាពធម្មតាវិញគិតត្រឹមម៉ោង ១២:៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារៈប្រើប្រាស់ស្បោងអាហារនៅព្រឹកថ្ងៃស្អែកត្រូវនឹងថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពព័ត៌មានបន្ថែមបានឱ្យដឹងទៀតថា តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកជំទាវអភិបាលខេត្ត ក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមិនមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតឡើយ។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានជូនដំណឹងដល់បងប្អូនជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹកសូមមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្តនៅរង់ចាំពិនិត្យប្រគល់ជូនវិញចាប់ពីព្រឹកស្អែកម៉ោង ០៨:០០នាទី។ (សូមបញ្ចាក់៖ ម៉ូតូក្រុមការងារសង្គ្រោះរក្សាទុកជូនមានចំនួន៣៤គ្រឿង) នៅបាត់ម៉ូតូមួយចំនួន និងម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀតដោយសារទឹកជំនន់កួចយកទៅបាត់។ ដូច្នេះ សូមពុកម៉ែបងប្អូនទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នា ក្រុមការងារកងកម្លាំងប្រចាំការនៅជាមួយបងប្អូន២៤ម៉ោងរហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ ។
ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់បន្ទាប់ពីបិទអស់រយៈពេល៥ម៉ោងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
លោកជំទាវសូមអរគុណដល់កងកម្លាំងគណៈបញ្ជាការឯកភាពទាំងបី កម្លាំងយុវជន កម្លាំងមូលដ្ធានទាំងអស់ដែលបានចូលរួមយ៉ាងសកម្មដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ។ លោកជំទាវក៏សូមអរគុណក្រុមការងារច្រកទ្វារភាគីថៃដែលបានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែនដើម្បីជួយឱ្យអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងគ្មានកំណត់ពេលវេលាដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕