អភិបាលខេត្តប៉ៃលិនចុះពិនិត្យ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅព្រំដែនកម្ពុជា-ថៃ
(ខេត្តប៉ៃលិន)៖ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនម៉ោងបណ្តាលលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋជាង១០០ខ្នងធ្វើឱ្យរសាត់អណ្តែតសម្ភារៈអស់មួយចំនួនទើបក្រោយមកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅភូមិផ្សារព្រំ (ចំណុចលូដាច់) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នាបានធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋបណ្តាលឱ្យខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ដូច្នេះ សូមអាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្រូវសិក្សារកទីតាំងរំដោះទឹកចេញបើសិនជាជំនន់ ទឹកភ្លៀងមានស្ថានភាពមិនល្អព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមអូរព្រំដែន និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលាជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ។
សូមរំលឹកផងដែរថា ៖ ខេត្តប៉ៃលិនតែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងតែរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើហើយបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះដើម្បីធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា៕