អភិបាលខេត្តប៉ៃលិននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់១៨៣ គ្រួសារនៅឃុំស្ទឹងកាច់
(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារបានដឹកនាំយុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១៨៣គ្រួសារ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្ដេចប្រធានជាមាតាមនុស្សធម៌កម្ពុជាតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅទូទាំងប្រទេសគ្រប់ពេលវេលាដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានប្រសាសន៍ឱ្យដឹងថា ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនគឺបានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង ០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជាក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង គ្រួសារសពខ្វះខាតជាពិសេសបានចូលរួមយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងកំឡុងនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាហើយបើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលាជាពិសេសសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ចដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ៖ អំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១៨៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ព្រមទាំងថវិកាមួយចំនួនផងដែរ៕