លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរមូលដ្ឋានខេត្តគ្រប់ជាន់ថ្នាក់ កងកម្លាំងចម្រុះ និងយុវជន សសយក បានចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ជួយស្តារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមកជាប្រក្រតីឡើងវិញ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវគ្រប់គ្រងដីចំណីផ្លូវចំណីអូរ និងស្ទឹងឱ្យបានច្បាស់លាស់ហើយត្រូវអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ ដោយចៀសវាងការយកដីចំណីផ្លូវចំណីអូរ និងស្ទឹងធ្វើជាកន្លែងរស់នៅឬរកស៊ីដែលធ្វើឱ្យមានការប៉ះពាល់យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈជាពិសេសប្រព័ន្ធលូបង្ហូរទឹកនៅតាមដងផ្លូវបណ្តាលឱ្យមានទឹកជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដែលបានសហការបំពេញបេសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទាន់ពេលវេលាដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះប៉ះពាល់ដល់អាយុជីវិតនោះទេជាពិសេសបានជួយស្តារស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់មកជាប្រក្រតីឡើងវិញ។

សូមរំលឹកថា កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀង បានជន់លិចលង់ភ្លាមៗ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួនជិត ២០០គ្រួសារ នៅភូមិផ្សារព្រំ «ចំណុចលូដាច់» ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍