ទីតាំងល្បែងសុីសងមាន់ជល់ និងឡូតូតាមប្រព័ន្ធអនឡាញនៅតែរីកសាយភាយក្នុងខណ្ឌពោធិ៍សែនជ័យ
(ពោធិ៍សែនជ័យ)៖ ទោះបីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ ខេត្ត-ក្រុងរាជធានី តម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំ ដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងណាក្តីឃើញថា ខណ្ឌពោធិ៍សែនជ័យនៅតែមានទីតាំងល្បែងសុីសង មាន់ជល់ និងឡូតូតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងដដែល។
ជាក់ស្តែងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងជាច្រើនកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ និងបានថតផ្តិតយករូបភាពដើម្បីផ្សាយរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាបក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹង។ទីតាំងទាំងអស់រួមមាន៖
១.ភូមិទួលពង្រ សង្កាត់ចោមចៅ ១ មានចំនួន ៥ទីតាំង។
២.ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ មួយទីតាំង។
៣.ភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង មួយទីតាំង។
៤.ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅ២ ពីរទីតាំង។
ដោយមានកើតបទល្មើស ល្បែងសុីសងមាន់ជល់ និងឡូតូជាច្រើនកន្លែងយ៉ាងនេះ ប្រជាពលរដ្ឋដែលមិនពេញចិត្តនូវល្បែងសុីសងបានទទូចស្នើសុំដល់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យជាពិសេសគោរពដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវទៅលើទីតាំងល្បែងសុីសងមាន់ជល់ និងឡូតូតាមប្រព័ន្ធអនឡាញខាងលើនោះផងទាន។
ដើម្បីរក្សានូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងឱ្យស្របទៅនឹងពាក្យស្លោក ភូមិ-ឃុំមានសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ជាពិសេសពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន តើគាត់កំពុងធ្វើអ្វីដែរបានជាបណ្តែតបណ្តោយ ឱ្យមានល្បែងសុីសងកើតមានក្នុងតំបន់ដែលគាត់គ្រប់គ្រងបានយ៉ាងដូច្នេះ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំគ្រាន់តែជាព្រាបនាំសារពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំឱ្យប្រជាពលរដ្ឋបានដឹងតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
ជំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា។