លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការបណ្តាញសង្គម និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគមក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ភ្នំពេញ)៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការបណ្តាញសង្គមសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ឋដែលមានការចូលរួមពីប្រធានសមាគម ចំនួន ២៦សមាគម និងសមាជិក-សមាជិកា  ប្រមាណជាង១០០នាក់ដែលប្រព្រឹត្ដទៅនៅភោជនីយដ្ឋាន The Ming Palace នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៧៨ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានលើកឡើងថា ការរៀបចំនូវព្រឹត្តិការណ៍នេះឡើងគឺមានគោលបំណងសំខាន់ចំនួន ៣ធំៗ ហើយក៏ចង់បានជាវេទិកាដើម្បីយើងអាចពិភាក្សា និងរកធាតុចូលសំខាន់ៗ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គោលបំណងទី១ គឺការបង្កើត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលក្នុងនោះ យើងក៏បានសម្រេចបង្កើតថ្មី និងប្តូរបណ្តាញសង្គមរបស់កម្ពុជាប្រឆាំងកូវីដ១៩ ដើម្បីបន្តសកម្មភាពមនុស្សធម៌របស់យើងតែក្នុងរូបភាពថ្មីគឺសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាគេហទំព័រផ្លូវការ (Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok ព្រមទាំងការផ្តល់នូវប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋដែលអាចជួយដល់សមាគមមានប្រព័ន្ឋគ្រប់គ្រងសមាជិកមួយដែលអាចជួយក្នុងការគ្រប់គ្រង និងផ្តល់ផលប្រយោជន៍ដល់សមាជិកកាន់តែប្រសើរ។

គោលបំណងទី២របស់យើងនាពិធីនេះគឺការផ្តល់ប្រព័ន្ធគ្រប់គ្រងសមាជិកដល់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។ អ្វីដែលខ្ញុំគិតថាសំខាន់ គឺយើងសង្ឃឹមថា ប្រព័ន្ធគ្រប់គ្រងសមាជិកនេះនឹងជួយដល់សមាគមមានប្រព័ន្ធគ្រប់គ្រងសមាជិកមួយដែលអាចជួយដល់ការគ្រប់គ្រង និងផ្តល់ផលប្រយោជន៍ដល់សមាជិកកាន់តែប្រសើរ។

ទន្ទឹមគ្នានេះដែរ យើងក៏សង្ឃឹមថា ប្រព័ន្ធនេះនឹងកាត់បន្ថយការងាររដ្ឋបាលបែបក្រដាស មកជាប្រព័ន្ធបច្ចេកវិទ្យាតាមទូរស័ព្ទទាន់សម័យដែលបង្ហាញថា សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាពិតជាទំនើបទាន់សម័យកាលបច្ចេកវិទ្យាដែលស្របនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបន្ថែមមុំមួយទៀតផ្នែកDigital ។

បន្ថែមលើនេះទៀត ដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាប្រធានបាននឹងកំពុងត្រៀមជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធវាយតម្លៃ និងសម្រេចថា នេះជាពេលវេលាល្អដែលសមាគមនីមួយៗអាចជំរុញការចុះឈ្មោះទៅក្នុងប្រព័ន្ធគ្រប់គ្រងសមាជិករបស់សមាគមជាមួយការចុះឈ្មោះរបស់រាជរដ្ឋាភិបាលព្រោះរាជរដ្ឋាភិបាលនឹងជំរុញឱ្យមានចលនាប្រមូលផ្តុំដើម្បីចុះឈ្មោះនេះតែបើសមាគមយើងមានប្រព័ន្ធខ្លួនឯងគឺយើងអាចកៀងគរការចុះឈ្មោះសមាជិកក្នុងពេលជាមួយគ្នា ឬបញ្ចូលទៅក្នុងប្រព័ន្ធរបស់យើងហើយបន្តបញ្ជូនចូលក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល។ ធ្វើបែបនេះ យើងនឹងកាត់បន្ថយការធ្វើការដោយចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលហើយប៉ុន្តែសមាគមមិនមានទិន្នន័យ ឬប្រព័ន្ធគ្រប់គ្រងសមាជិកនៅក្នុងដៃផ្ទាល់។

គោលបំណងទី៣ សំដៅដល់ការប្រមូលផ្តុំគតិ និងធាតុចូលដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសមាជិកក្នុងសមាគម។ ឆ្លងតាមការស្ទាបស្ទង់ និងពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមផ្សេងៗនាពេលកន្លងមក យើងកំណត់បញ្ហារួមរបស់យើងគឺកង្វះធនធានដែលអាចជាធនធានបណ្តាញ ធនធានចំណេះដឹង ធនធានហិរញ្ញវត្ថុ ធនធានបច្ចេកវិទ្យា និងធនធានមនុស្ស។ ការកង្វះធនធាននាំឱ្យយើងផ្តល់សេវាដល់សមាជិកសមាគមមិនបានដិតដល់ដែលពាក្យបច្ចេកទេសអាចថាមកពីមិនមាន Economy of Scale ក្នុងការផ្តល់សេវា។ ចំណុចនេះទាមទារឱ្យយើងត្រូវបង្កើនយន្តការកណ្តាល ដើម្បីជួយដល់យន្តការបណ្តាសមាគមនីមួយៗ និងចូលរួមជាការបណ្តុះបណ្តាលចំណេះដឹង និងជំនាញតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ជីវភាព (អាជីវកម្ម ឬមុខរបរ ហិរញ្ញវត្ថុ សុខភាព និងក្រុមគ្រួសារ) តាមរយៈ Khmer Enterprise & Business Development Center & IDI  ការទ្រទ្រង់សេវាព័ត៌មានតាមរយៈសមាគមសារព័ត៌មាន ការប្រឹក្សាយោបល់ផ្នែកច្បាប់តាមរយៈក្រុមហ៊ុមមេធាវី KHS & Partners និងផ្តល់ធាតុចូលដើម្បីដំណោះស្រាយជាកម្រិតគោលនយោបាយ។

គូសបញ្ជាក់ផងដែរថា សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ហៅកាត់ថា (សសក) នឹងផ្តល់លទ្ឋភាពឱ្យប្រជាពលរដ្ឋដែលជារូបវ័ន្តបុគ្គលមានវ័យចាប់ពី១៨ឆ្នាំឡើង ឬនីតិបុគ្គលស្របច្បាប់នានាមានសិទ្ឋិស្នើសុំចូលជាសមាជិករបស់”សសក”។ ការចូលរួមតាមការស្ម័គ្រចិត្ត និងការសម្រេចរបស់គណៈកម្មការវាយតម្លៃរបស់”សសក”។ សមាជិកភាពគោល ដៅរបស់សសករួមមានសមាគម សម្ពន្ឋសហព័ន្ឋ បណ្តាញ មជ្ឍមណ្ឌល ក្រុមហ៊ុន ស្ថាប័ន ដែលជានីតិបុគ្គលស្របច្បាប់គ្របដណ្តប់វិស័យដែលមានប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពដូចបានកំណត់ក្នុងបញ្ជីរបស់យុទ្ឋសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ឋឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ និងបន្ថែមផ្សេងទៀតរបស់ សសក ដូចជា៖ សេវាកម្មលក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម កសិកម្ម សេវាកម្មសំណង់ សេវាកម្មភេសជ្ជៈ កម្សាន្ត និងម៉ាស្សា សេវាកម្មកែសម្ផស្ស សាឡន និងជាងកាត់សក់ សេវាកម្មដឹកជញ្ជូន ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នករត់តាក់ស៊ី សេវាកម្មលក់តាមផ្សារ សេវាកម្មសិល្បៈ សេវាកម្មកីឡា សេវាកម្មសារព័ត៌មាន សេវាកម្មចល័តតាមដងផ្លូវ សេវាកម្មតាមពិធី សេវាកម្មជំនាញដូចជាបុគ្គលស្វ័យនិយោជន៍ ផ្តល់សេវាបច្ចេកវិទ្យា មគ្គុទេសក៍ទេសចរណ៍ជាដើម។

ក្រោយពីបញ្ចប់ពិធីប្រកាសជាផ្លូវការ គណៈអធិបតី និងបណ្ដាសមាគមចូលរួមបានថតរូបអនុស្សាវរីយ៍ និងទទួលទានអាហារ សាមគ្គីរួមគ្នាប្រកបដោយភាតរភាពផងដែរ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍