ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូក្នុងក្របខណ្ឌគម្រោងការកសាងភូមិសន្តិភាព
(ខេត្តបាត់ដំបង)៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញបានអញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូក្នុងក្របខណ្ឌគម្រោងការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះនៅក្នុងខេត្តបាត់ដំបង។ ក្នុងដំណើរទស្សនកិច្ចនោះផងដែរក៏មានការអញ្ជើញចូលរួមពី Mr. Shin Yonghwa នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមការងារ អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជាកិច្ចបន្ត ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរបានអញ្ជើញទស្សនកិច្ចទីតាំងភូមិគំរូ ចំនួន ៣ភូមិ មានកសិករសរុប ១៦៥នាក់ ក្នុងនោះភូមិកណ្ដាល ឃុំស៊ុង មានកសិករចំនួន ៣ក្រុម សមាជិកចំនួន ៧៥នាក់, ភូមិស៊ុង១ ឃុំស៊ុង មានកសិករចំនួន ៣ក្រុម សមាជិកចំនួន ៦៥នាក់ និងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត មានកសិករ ១ក្រុម មានសមាជិកចំនួន ២៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានជួបសំណេះសំណាលដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ការចុះដល់មូលដ្ឋានប្រជាពលរដ្ឋដល់ទីកន្លែងនេះគឺដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពរបស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការបង្កបង្កើនផល និងការបង្កើនប្រាក់ចំណូលតាមគ្រួសារជាពិសេសដើម្បីស្វែងយល់អំពីផលលំបាក ការប្រឈមនានាដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយស្របតាមតម្រូវការ និងមានប្រសិទ្ធភាពតាមរយៈការអនុវត្តយុទ្ធសាស្ដ្រអាទិភាពទាំង៤ របស់ក្រសួងគឺ៖
១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ។
ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ។
ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។
ទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
ឯកឧត្តមរដ្ឋមន្ដ្រីបានបន្ដទៀតថាក្រោមម្លប់សន្ដិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីបានខិតខំកែប្រែប្រទេសជាតិដែលធ្លាប់ទទួលការញាំញីដោយសង្គ្រាមរាំរ៉ៃឱ្យមានការអភិវឌ្ឍន៍ ធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធារ និងសម្បូរសប្បាយ។
សូមបញ្ជាក់ផងដែរថា គម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ”ឬ“គម្រោងភូមិសន្តិភាព” ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មានគោលបំណងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ លើកកម្ពស់សេដ្ឋកិច្ចសង្គមនៅតំបន់ជនបទតាមរយៈការបង្កើនប្រាក់ចំណូលតាមគ្រួសារនៅជនបទឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព។ គម្រោងនេះអនុវត្តរយៈពេល ០៥ឆ្នាំ(២០២២-២០២៦) ក្នុងខេត្តគោលដៅចំនួន ៣គឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យដោយមានភូមិគោលដៅសរុបចំនួន ៣០ភូមិ៕