សេចក្តីថ្លែងការណ៍ស្តីពីការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានរបស់គេហទំព័រ The Cambodia Daily

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) បានសង្កេតឃើញថា មានជនអនាមិកបានប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយតាំងនាមជាមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបង្ហោះនូវសារមួលបង្កាច់បង្ខូចនូវកិត្តិយស និងស្នាដៃ របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្ត្រីគ្រប់ជាន់ថ្នាក់រួមទាំងមន្ទីរបរិស្ថាន មន្ត្រីឧទ្យានរក្ស ដែលបានខិតខំលះបង់ទាំងស្មារតី កម្លាំងកាយចិត្តក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចក្រាបរិស្ថានដែលដើម្បីបរិស្ថានកម្ពុជាទទួល បាននូវភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថាន។

ក្នុងអំឡុងពេល ១៥ ខែមកនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដែលបាននឹងកំពុងទទួលនូវលទ្ធផលជាទីគាប់ប្រសើរបំផុតក្នុងនោះរួមមានយុទ្ធនាការ «ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ» មានប្រជាពលរដ្ឋចូលរួមជាង ៩លានអង្គ/នាក់ ទូទាំងប្រទេស។ យុទ្ធនាការ «ពន្លកបៃតង» បានធ្វើការបណ្តុះ ចែក និងបានដាំកូនឈើជាង ១,៥លានដើមគ្រប់រាជធានី-ខេត្តនៅតាមសហគមន៍ សាលារៀន ទីសាធារណៈ តំបន់សឹករិចរិល និងនៅសងខាងផ្លូវតាមព្រំដែនជាដើម និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» សម្អាតផ្ទះយើង ប្រទេសយើងស្អាត មានប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ ចូលរួមធ្វើសកម្មភាពសម្អាតជារៀងរាល់ថ្ងៃរាប់លានអង្គ/នាក់។

ម្យ៉ាងទៀត កិច្ចការទំនាក់ទំនងលើឆាកអន្តរជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានយកចិត្តទុកដាក់បន្ត និងបង្កើនកិច្ចសហប្រតិបត្តិការទៅគ្រប់ដៃគូពាក់ព័ន្ធ អង្គការ ស្ថានទូត ក្រុមហ៊ុនវិនិយោគ ដើម្បីពង្រឹង និងពង្រីកសក្តានុពលវិស័យបរិស្ថាននៅកម្ពុជា។

ជាការគួរឱ្យសោកស្តាយ អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) បានឃើញការចុះផ្សាយនូវព័ត៌មានដែលគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ដែលអាចបង្កឱ្យមានការយល់ច្រឡំពីសំណាក់មហាជនតាមរយៈសារ ព័ត៌មាន The Cambodia Daily ក្នុងន័យមួលបង្កាច់បង្ខូចនូវកិត្តិយស និងលុបបំបាត់នូវស្នាដៃរបស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថានបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ការពារ ថែរក្សា ដាំដុះ សម្អាត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។

ការផ្សាយព័ត៌មានមិនពិត និងជាព័ត៌មានក្លែងក្លាយរបស់អង្គភាព The Cambodia Daily កាលពីថ្ងៃទី០៦ ខែធ្នូ ម្សិលមិញនេះជាចេតនាមួលបង្កាច់ បរិហាកេរ្តិ៍ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន និងមានចេតនាបង្កឱ្យមានភាពចលាចលក្នុងសង្គម។

អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) សូមធ្វើការថ្កោលទោសចំពោះសារព័ត៌មាន The Cambodia Dialy លើការចុះផ្សាយនូវព័ត៌មានមិនពិត គ្មានមូលដ្ឋានជាក់លាក់ និងសូមអំពាវនាវដល់ជនរួមជាតិ និងស្ថាប័ន ពាក់ព័ន្ធជាតិអន្តរជាតិ សូមកុំជឿលើការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានក្រៅស្រុកខាងលើ ។

អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) សូមកោតសរសើរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសកម្មភាពយ៉ាងផុលផុស របស់ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានគ្រប់ រាជធានី-ខេត្តក្នុងអត្ថន័យដើម្បីចីរភាពបរិស្ថានកម្ពុជា។

ថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ អង្គការចីរភាពបរិស្ថានកម្ពុជា៕

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍