ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង
(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងារគណបក្យចុះមូលដ្ឋានស្រុកពារាំង នៅទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកពារាំង។
លោក ឈុន សារ៉ាត់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មការគណបក្សស្រុកពារាំងបានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះក្នុងបុព្វហេតុបម្រើប្រជាជន និងការដោះស្រាយជីវភាពរបស់ប្រជាជនជាពិសេសការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សមិទ្ធផលទាំងនេះបានបន្តបង្កើន និងពង្រឹងជំនឿជឿជាក់របស់ប្រជាជនស្រុកពារាំងមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រមុខនៃរាជរដ្ឋាភិបាលដែលបានបន្តពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន។
ក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃស្រុកពារាំងដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងស្មារតី ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស។ ឈរលើមូលដ្ឋាននេះ ឯកឧត្តម វង្ស ពិសេន បានផ្តាំផ្ញើដល់មន្រ្តីគណបក្សទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋានត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ យកចិត្តទុកដាក់ការងារដែលត្រូវបំពេញបន្ថែមទៀតគឺការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសង ឆក់ត្រី និងបងតូចបងធំដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន។
ឯកឧត្តម វង្ស ពិសេន ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធ សភាពការណ៍បច្ចុប្បន្នដោយឱ្យមន្រ្តីគណបក្សទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋានមានវិធានការអប់រំសតិអារម្មណ៍ប្រជាពលរដ្ឋនៅតាមក្រុមបក្សឱ្យយល់ដឹងអំពីការញុះញុងអូសទាញរបស់ជនក្បត់ជាតិឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានជ្រាបពីសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលចាស់-ថ្មី សម្រេចបាន ជាពិសេសសន្តិភាព ចលនាការងារបរិស្ថានដោយធ្វើអនាម័យក្នុងមូលដ្ឋានទាំងផ្ទះ វត្តអារាម សាលារៀន និងកន្លែងផ្សេងៗ កុំឱ្យមានស្មៅ និងសំរាម ត្រូវយកចិត្តទុកដាក់អំពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ធ្វើវេទិកាសាធារណៈឱ្យគាត់ចូលរួមទប់ស្កាត់ ល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើង ពង្រឹង និងពង្រីកសមាជិកបក្សត្រៀមរៀបចំខួបអនុស្សាវរីយ៍លើកទី ៤៦ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩- ៧ មករា ២០២៥)៕