លោកជំទាវអភិបាលខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករខណៈឆ្នាំនេះទីផ្សារល្អប្រសើរជាងឆ្នាំមុន
(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀត និងបន្លែរបស់កសិករនៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញខណៈឆ្នាំនេះទីផ្សារល្អប្រសើរជាងឆ្នាំកន្លងទៅ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តងគឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បន្តថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករ បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យជៀសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារហើយជាក់ស្តែងបច្ចុប្បន្ននេះខេត្តប៉ៃលិនកំពុងមានក្រុមហ៊ុនទទួលទិញ ផ្លែស្វាយ និងផ្លែមៀនប៉ៃលិនដើម្បីធ្វើការវេចខ្ចប់ និងសម្ងួតនាំចេញយកទៅលក់នៅក្រៅប្រទេសផងដែរ។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានជួយទិញបន្លែផ្លែឈើរបស់បងប្អូនកសិករព្រមទាំងជំរុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្តជាពិសេសការនាំចេញទៅ ក្រៅប្រទេសហើយក្នុងករណីបញ្ហាទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន៕