ក្រសួងអភិវឌ្ឍន៍ជនបទរៀបចំពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ជូនដល់ភូមិចំនួន ៣០ភូមិដំបូងគេនៅកម្ពុជា
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ខេត្ត-ស្រុកជាពិសេស ប្រជាពលរដ្ឋដែលជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) តំណាងភូមិគំរូទាំង៣០ សរុបចំនួន ៣០៤នាក់។
ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងការអបអរសាទរចំពោះជ័យលាភី “ភូមិគំរូ” ទាំង៣០ភូមិ លើកទី១ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទបន្ទាប់ពីត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃការអភិវឌ្ឍភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរការអភិវឌ្ឍន៍រហូតដល់សម្រេចបាននូវសមិទ្ធផលទូទាំងប្រទេស និងជាពិសេសការរៀបចំពិធីដ៏មានអត្ថន័យថ្លៃថ្លានេះប្រព្រឹត្តឡើងបានដោយសារគុណនៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងស្ថិរភាពនយោបាយដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ អតីតនាយករដ្ឋមន្ដ្រី និងការដឹកនាំបន្តវេនដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចជាថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលជូនដល់អង្គពិធីទាំងមូល។
យោងតាមប្រកាសស្ដីពីការកំណត់លក្ខណៈសម្បត្តិភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូសំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច មានសុខភាព និងបរិស្ថានរស់នៅល្អ ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” តាមរយៈការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច។
តាមរយៈលទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការបានសម្រេចទទួលស្គាល់ភូមិគំរូចំនួន ៣០ភូមិដែលទទួលបានចំណាត់ថ្នាក់ដូចតទៅ ភូមិគំរូទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ០២ភូមិ, ភូមិគំរូទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ និង ភូមិគំរូទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ។
ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ដទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការអភិវឌ្ឍភូមិគំរូព្រមទាំងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។ ចលនាអភិវឌ្ឍន៍ភូមិគំរូគឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិត្រឹមដំណាច់ឆ្នាំ២០២៨។ ការអភិវឌ្ឍភូមិគំរូជាយន្តការអន្តរាគមន៍ដោយផ្ទាល់ថ្នាក់ភូមិ និងគ្រួសារដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។