ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអនុញ្ញាតជូនលោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអនុញ្ញាតជូនលោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះលោកស្រី Tania Meyer ដែលត្រូវបានតែងតាំងជាប្រធានធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងបានជម្រាបជូនលោកស្រី និងសហការីអំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទងនឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីទិដ្ឋភាពទូទៅនៅតំបន់ជនបទ និងការចូលរួមរបស់ក្រសួងដើម្បីប្រែក្លាយជនបទឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងកាត់បន្ថយគម្លាតរវាងជនបទនិងទីក្រុងតាមរយៈការកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥រួមមានៈ

(ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់។ (ទី២) ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ។

(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ។

(ទី៤) ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ។

(ទី៥) ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍនៅតំបន់ជនបទតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមដែលកើតមាននៅតំបន់ជនបទ និងទិសដៅបន្តដែលក្រសួងអភិវឌ្ឍន៍ជនបទកុំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមរយៈការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

លោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជាបានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យលោកស្រី ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកស្រីបានមានប្រសាសន៍ថាធនាគារពិភពលោកបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទក្នុងការប្រែក្លាយទីជនបទនៅកម្ពុជាឱ្យមានភាពរីកចម្រើន។ លោកស្រីបានសម្តែងការកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ដែលមានការតាំងចិត្តខ្ពស់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីប្រែក្លាយជនបទនៅកម្ពុជាឱ្យកាន់តែមានភាពស៊ីវិល័យ ស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះលោកស្រីបានប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រី ប្រធានធនាគារពិភពលោក និងសហការីដែលអញ្ជើញមកនាពេលនេះក៏ដូចជាថ្លែងអំណរគុណចំពោះធនាគារពិភពលោកដែលបន្តគាំទ្រនៅរាល់គម្រោងនានាដែលកំពុងអនុវត្តជាមួយក្រសួងនាពេលកន្លងមក និងសង្ឃឹមចំពោះកិច្ចគាំទ្រលើគម្រោងផ្សេងទៀតដែលកំពុងសិក្សា និងចាប់អនុវត្តនាពេលខាងមុខ៕

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍