មន្ទីរផែនការខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តសៀមរាប ឆ្នាំ២០២៤

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាបបានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តសៀមរាប ឆ្នាំ២០២៤ ដើម្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងបន្ថែមទៅដល់គ្រប់អ្នកពាក់ព័ន្ធជុំវិញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទូទាំងខេត្តដោយកិច្ចប្រជុំនេះដឹកនាំដោយ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីសំណាក់តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកជាច្រើនរូប។

លោក ហាក់ សុធារ៉ា មានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីធ្វើការផ្សព្វផ្សាយទៅតាមបណ្ដាស្រុក និងអង្គភាពពាក់ព័ន្ធឱ្យដឹងពីសមិទ្ធផលនៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មដែលបានអនុវត្តកន្លងមក និងជំរុញបន្ថែមទៅលើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងការចុះសម្ភាសន៍គ្រួសារប្រជាពលរដ្ឋដែលអស់លទ្ធភាពស្របទៅតាមនីតិវិធី លក្ខណៈវិនិច្ឆ័យដែលជាសូចនាករសម្រាប់ការដាក់ពិន្ទុកំណត់ប្រភេទគ្រួសារក្រីក្រឱ្យបានត្រឹមត្រូវ។

លោក ហាក់ សុធារ៉ា បន្តថា អត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការត្រូវបានយកទៅប្រើប្រាស់ក្នុងកម្មវិធីជំនួយសង្គមដោយការឆ្លើយតបទៅនឹងគ្រោះអាសន្ន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំ ការទទួលបានសេវាសុខភាពសាធារណៈមិនបង់ថ្លៃពីមូលនិធិសមធម៌សុខាភិបាល ការផ្តល់អាហារនៅតាមសាលារៀន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីកញ្ចប់គ្រួសារនាពេលអនាគត។

លោកប្រធានមន្ទីរបន្ថែមថា កិច្ចប្រជុំនេះដែរ មន្ត្រីជំនាញនឹងធ្វើការផ្សព្វផ្សាយអំពីការអនុវត្តនីតិវិធី អត្តសញ្ញាណកម្ម គ្រួសារក្រីក្រថ្មីដល់បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកផ្តល់សេវាជាពិសេសអាជ្ញាធរមូលដ្ឋានដើម្បីជំរុញការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងទូលំទូលាយពីការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងកំណត់គ្រួសារងាយរងហានិភ័យ ផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រថ្មី និងការប្រើប្រាស់កម្មវិធីសាធារណៈ (Public IDPoor App)។

បើតាមរបាយការណ៍រយៈពេល១០ខែ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាបបានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រ១ និងក្រ២ ចំនួន ៦៣,៥៣៥គ្រួសារ ដោយមានគ្រួសារស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ៩,៩២២គ្រួសារ។ ជាមួយនោះ គ្រួសាររងហានិភ័យមានចំនួន ៣៨,៣៦៦គ្រួសារ ដោយទទួលបានការគាំពារពីរាជរដ្ឋាភិបាល។

ក្រៅពីនោះ ថ្មីៗនេះខេត្តបានទទួលពាក្យស្នើសុំ និងបានវាយតម្លៃផ្តល់បណ្ណជូនបុគ្គលបម្រើសេវាកម្សាន្តសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន ៤៤៩បណ្ណដែលនឹងបន្តអនុវត្តបន្ថែមនៅក្នុងឆ្នាំ២០២៤៕

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍