ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នងស្មើនឹង ៤បន្ទប់ នៅឃុំកំពង់ប្រាសាទ ស្រុកពាមជរ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ព្រៃវែង)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ស្មើនឹង ៤បន្ទប់ ដែលមានបណ្តោយ ៣៤ម៉ែត្រ និងទទឹង ១២ ម៉ែត្រដែលស្ថិតនៅបរិវេណសាលាមត្តេយ្យសិក្សាសំពៅ ស្ថិតក្នុងឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។

ដែលពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោកអភិបាលស្រុកផងដែរ។

ចំពោះការសាងសង់អគារសិក្សាថ្មី ១ខ្នង ស្មើនឹង ៤បន្ទប់នេះគឺជាចំណងដៃថ្មីដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការជួយលើកកម្ពស់ដល់ការ សិក្សាអប់រំក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដោយបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពទី១។

ដែលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយ និងកីឡា ការអប់រំសុខភាព និងភាពជាពលរដ្ឋពេញលេញ។ ក្នុងនោះផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ ២០២៣-២០២៨ ដែលឈរលើគោលនយោបាយធំៗពីរគឺ៖

ទី១.ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ទី២. ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍