
កម្ពុជា និងអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍បៃតងនៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញបានអញ្ជើញចូលជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរផ្តល់មូលនិធិដោយសហភាពអឺរ៉ុបដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បៃតងនៅកម្ពុជា។ វេទិកានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ជាច្រើននាក់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្តែងនូវសេចក្តីពេញចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍបៃតងសម្រាប់កម្ពុជា ក្នុងប្រព័ន្ធកសិ-ចំណីអាហារ និងការកាត់បន្ថយប្លាស្ទិកដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់ប្លាស្ទិកអាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរួមមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ក្រសួងបរិស្ថានបានអនុវត្តយុទ្ធនាការដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជាជាអាទិ៍“ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលមានសាធារណៈជនចូលរួមប្រមាណជិត ១១លាននាក់ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានប្លាស្ទិក”។ ក្នុងនោះដែរ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានក្នុងការសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីសម្រេចគោលដៅនៅចុងឆ្នាំ២០២៥នេះ ផ្លូវជាតិទូទាំងប្រទេសនឹងស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម អ៊ីហ្គ័រ ទ្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានលើកឡើងថា គំនិតផ្តួចផ្តើមថ្មីទាំងពីរដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាខាងលើដែលគាំទ្រដោយសហភាពអឺរ៉ុបនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះបញ្ហាប្លាស្ទិកទាំងនេះហើយជាពិសេសចូលរួមដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាមួយអន្តរជាតិ។ ដូចគ្នាដែរ លោក អារ៉ុន ប៊ូឆាន នាយកប្រចាំប្រទេស អង្គការភីផលអិននិតកម្ពុជា (People in Need) ក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថានក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិឌ្ឍន៍ដូចជា អង្គការអង្គការភីផលអិននិតកម្ពុជា និងអង្គការឃែរកម្ពុជា (CARE Cambodia) ជាដើមដើម្បីចូលរួមគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាដែលបានកំណត់ទស្សនវិស័យជាប្រទេសជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ហេតុដូចនេះ គំនិតផ្តួចផ្តើមទាំងពីរនេះមិនផ្តោតតែទៅលើការកាត់បន្ថយការបញ្ចេញកាបូនប៉ុណ្ណោះនោះទេប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូនៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក និងកសិកម្មរបស់កម្ពុជាដើម្បីធានានូវអនាគតប្រកបដោយចីរភាព អព្យាក្រឹត្យកាបូន និងពង្រឹងភាពធន់ស្របតាមមហិច្ឆិតានៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC) និងគោលដៅរយៈពេលវែងរបស់ប្រទេសកម្ពុជា៕