
សារថ្លែងអំណរគុណជូនក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ និងបណ្តារាជធានី-ខេត្តទូទាំងប្រទេស
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំពិតជាមានមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុតចំពោះការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្មេងចាស់ ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិ រាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
បរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយយ៉ាងល្អប្រពៃនៃព្រឹត្តិការណ៍នេះគឺជាសមិទ្ធផលរួមថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តព្រៃវែងទាំងមូលដែលកើតចេញពីមនុញ្ញផលនៃមរតកសុខសន្តិភាព និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅពីក្រោយស្នាមញញឹម និងក្ដីរីករាយយ៉ាងកងរំពងរបស់បងប្អូនប្រជាពលរដ្ឋ ប្រាកដណាស់គឺភាពស្វាហាប់នៃការបំពេញតួនាទី និងភារកិច្ចប្រកបដោយការលះបង់ខ្ពស់របស់ក្រុមការងារគ្រប់ផ្នែកទាំងអនុគណៈកម្មការនីមួយៗ កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងក្រុមអនាម័យ…។ តាមពិតអ្នកទាំងអស់គ្នាត្រូវជួបជុំក្រុមគ្រួសារដូចជនរួមជាតិទូទៅដែរប៉ុន្តែផ្ទុយទៅវិញបានលះបង់ឱកាសនេះដើម្បីជោគជ័យនៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” របស់យើង។
ខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរនៃបណ្ដាស្រុក និងឃុំនានារួមទាំងមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលបានដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានានៅតាមភូមិស្រុក និងទីអារាមទូទាំងខេត្តព្រៃវែងប្រកបដោយបរិយាកាសសន្តិសុខ និងសុវត្ថិភាពយ៉ាងល្អប្រសើរសម្រាប់បងប្អូនដែលមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍ធំនៅទីរួមខេត្ត។
ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំក៏សូមផ្ញើនូវសេចក្ដីថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់រួមទាំងកងកម្លាំងនគរបាលជាតិ កម្លាំងប្រជាការពារ និងកងកម្លាំងចម្រុះដែលបានដឹកនាំ សហការ និងគាំទ្រយ៉ាងសកម្មចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីយ៉ាងអធិកអធម និងប្រកបដោយជោគជ័យជូនបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តសប្បាយនៅទូទាំងប្រទេស។
ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី តាមអភិបាលរក្សាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងក៏ដូចជាជនរួមជាតិទូទាំងប្រទេស បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕