(កំពង់ចាម)៖ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសតាមមាត់ទន្លេមេគង្គមានភាពស្រស់ស្រាយ ខ្យល់ត្រជាក់បក់បោកប៉ះមុខយ៉ាងទន់ភ្លន់ខណៈលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមបានអមដំណើរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទស្សនាកម្សាន្ត និងស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅតំបន់ស្ពានឬស្សី និងឆ្នេរខ្សាច់កោះប៉ែន ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយប្រចាំខេត្ត។ កោះប៉ែនត្រូវបានគេចាត់ទុកថាជា “សួនឧទ្យានធម្មជាតិកណ្តាលទន្លេមេគង្គ” ដោយសារមានទេសភាពស្រស់បំព្រង ខ្សាច់សទន់ល្មើយ ទឹកថ្លាឆ្លុះពន្លឺថ្ងៃ និងខ្យល់បរិសុទ្ធធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រួលចិត្ត និងសម្រាកលំហែកាយបានយ៉ាងពេញលេញ។ ការធ្វើដំណើរទៅកាន់កោះប៉ែនកាន់តែមានភាពទាក់ទាញតាមរយៈស្ពានឬស្សីដ៏អស្ចារ្យដែលជាស្ពានបែបអេកូទេសចរណ៍មានតែមួយគត់ក្នុងប្រទេសកម្ពុជាអាចឱ្យភ្ញៀវថ្មើរជើង ឬជិះកង់ទស្សនាទេសភាពទន្លេមេគង្គយ៉ាងជិតស្និទ្ធព្រមទាំងមានស្ពានបេតុងសម្រាប់យានយន្តងាយស្រួល និងមានសុវត្ថិភាព។ មកដល់កោះប៉ែន ភ្ញៀវអាចរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនដូចជា ហែលទឹកលេងតាមឆ្នេរខ្សាច់ធម្មជាតិ…
