(កំពង់ចាម)៖ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសតាមមាត់ទន្លេមេគង្គមានភាពស្រស់ស្រាយ ខ្យល់ត្រជាក់បក់បោកប៉ះមុខយ៉ាងទន់ភ្លន់ខណៈលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមបានអមដំណើរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទស្សនាកម្សាន្ត និងស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅតំបន់ស្ពានឬស្សី និងឆ្នេរខ្សាច់កោះប៉ែន ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយប្រចាំខេត្ត។
កោះប៉ែនត្រូវបានគេចាត់ទុកថាជា “សួនឧទ្យានធម្មជាតិកណ្តាលទន្លេមេគង្គ” ដោយសារមានទេសភាពស្រស់បំព្រង ខ្សាច់សទន់ល្មើយ ទឹកថ្លាឆ្លុះពន្លឺថ្ងៃ និងខ្យល់បរិសុទ្ធធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រួលចិត្ត និងសម្រាកលំហែកាយបានយ៉ាងពេញលេញ។
ការធ្វើដំណើរទៅកាន់កោះប៉ែនកាន់តែមានភាពទាក់ទាញតាមរយៈស្ពានឬស្សីដ៏អស្ចារ្យដែលជាស្ពានបែបអេកូទេសចរណ៍មានតែមួយគត់ក្នុងប្រទេសកម្ពុជាអាចឱ្យភ្ញៀវថ្មើរជើង ឬជិះកង់ទស្សនាទេសភាពទន្លេមេគង្គយ៉ាងជិតស្និទ្ធព្រមទាំងមានស្ពានបេតុងសម្រាប់យានយន្តងាយស្រួល និងមានសុវត្ថិភាព។
មកដល់កោះប៉ែន ភ្ញៀវអាចរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនដូចជា ហែលទឹកលេងតាមឆ្នេរខ្សាច់ធម្មជាតិ ជិះទូក ឬទាទឹកកម្សាន្ត ស្រូបខ្យល់បរិសុទ្ធ និងសម្រាកលំហែកាយជាមួយគ្រួសារទទួលទានម្ហូបអាហារស្រុកស្រែ និងម្ហូបត្រីទន្លេស្រស់ៗគយគន់ទេសភាពថ្ងៃលិចដ៏រ៉ូមែនទិកលើផ្ទៃទឹកមេគង្គជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានតំបន់នេះទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនកុះករ បង្កើតភាពរស់រវើក និងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈសេវាកម្មទេសចរណ៍ និងការលក់ផលិតផលក្នុងស្រុក។
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំលើកនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំរុញឱ្យមានការអភិរក្សបរិស្ថាន និងរៀបចំតំបន់ឱ្យកាន់តែស្អាត មានសុវត្ថិភាព និងទាក់ទាញភ្ញៀវកាន់តែច្រើននាពេលអនាគត។
កោះប៉ែនគឺជាទីកន្លែងសម្រាកលំហែកាយដ៏ល្អឥតខ្ចោះ សម្រាប់អ្នកចង់គេចផុតពីភាពអ៊ូអរនៃទីក្រុង និងចង់ស្វែងរកភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ។
សូមអញ្ជើញភ្ញៀវទេសចរទាំងអស់មកទស្សនា និងស្វែងយល់ពីសម្រស់ធម្មជាតិដ៏អស្ចារ្យនេះដើម្បីទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាននៅខេត្តកំពង់ចាម៕








