(បាត់ដំបង)៖ នាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបងបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត រៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត ស្ថិតនៅភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានការចូលរួមពីលោកជំទាវ ព្រំ វណ្ណា សមាជិកក្រុមប្រឹក្សាខេត្ត លោក/លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុករតនមណ្ឌល ថ្នាក់ដឹកនាំ និងកម្មករនិយោជិតរបស់ ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីតសរុបប្រមាណ៣៥០នាក់។
ជាកិច្ចស្វាគមន៍ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបងបានរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពការងារគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នៃវិស័យការងារ បេឡាជាតិសន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជូនឯកឧត្តមគណៈធិបតី និងអង្គពិធីទាំងមូលបានជ្រាបផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានមានប្រសាសន៍បានណែនាំដល់កម្មករនិយោជិតត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រមទាំងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិតទាំងអស់ត្រូវបន្តមានស្មារតីជាតិនិយម រួមគ្នាគាំទ្រផលិតផលខ្មែរដើម្បីប្រទេសជាតិយើងរឹងមាំ និងសាមគ្គីគ្នាជាធ្លុងមួយគាំទ្រជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃដោយរាជរដ្ឋាភិបាលមិនដែលបោះបង់ទឹកដីចោលឡើយហើយកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ដើម្បីតម្រង់ទិសការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្ទីរការងារ សាខាបេឡាជាតិសន្តិសង្គម មជ្ឈមណ្ឌលការងារខេត្ត និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធសំដៅធានាលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត៕
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានផ្តល់កិត្តិយសប្រគល់ជូននូវប័ណ្ណសរសើរដល់សហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៥ ចំនួន២សហគ្រាសដែលស្ថិតនៅក្នុងស្រុករតនមណ្ឌលនេះផងដែរ៕










