អភិបាលក្រុងតាខ្មៅបញ្ជាឱ្ក្រុមការងារចុះពិនិត្យករណីមានគេលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់

(កណ្ដាល)៖ លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅបានបញ្ជាឱ្យក្រុមការងារចុះពិនិត្យមើលទីតាំងមួយកន្លែងដែលកំពុងសាងសង់គ្រឹះជើងតាងរឹងមាំចូលដីចំណីទន្លេបាសាក់ឆាប់ៗនេះ ទីតាំងមួយនេះស្ថិតនៅភូមិកោះគ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមការឱ្យដឹងពីលោកអភិបាលក្រុងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមការងារនឹងចុះទៅពិនិត្យស្អែកនេះក្រោយពលរដ្ឋបានធ្វើសេចក្ដីរាយការណ៍ចូលគ្រុបប្រជាជនខេត្តកណ្ដាលដើម្បីសិក្សាមើលទៅលើភាពជាក់ស្ដែងព្រោះសំណង់រឹងមាំនេះពុំបានសុំច្បាប់នោះទេ។

ទោះយ៉ាងណាលោកអភិបាលក្រុងអំពាវនាវពលរដ្ឋទាំងអស់ដែលមានបំណងសាងសង់សំណង់រឹងផ្សេងៗ ត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវហើយកុំរំលោភយកដីចំណីទន្លេ ឬដីចំណីផ្លូវសាធារណៈ។

គួររំលឹកថា លោក គួច ចំរើន អភិបាលខេត្តកណ្ដាលបានបញ្ជាឱ្យមានការរុះរើរាល់សំណង់ទាំងអស់ដែលសាងសង់រំលោភចូលដីសាធារណរបស់រដ្ឋហើយរដ្ឋបាលក្រុងតាខ្មៅបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មទៅលើលាររំលោភយកដីសាធារណៈមកធ្វើអាជីវកម្ម។ ដោយម្ចាស់សំណង់ជាប់មាត់ទន្លេបែរជាឆ្លៀតឱកាសលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់ទៅវិញដែលផ្ទុយពីគោលបំណងរៀបចំក្រុងរបស់រដ្ឋបាលខេត្តកណ្ដាល៕

 

Leave a Reply

Your email address will not be published. Required fields are marked *