លោកជំទាវអភិបា​លខេត្តប៉ៃលិនអំ​ពាវនាវឱ្យប្រជា​ពលរដ្ឋ ចូ​លរួមធ្វើអនាម័យបរិស្ថាន ដាំនិងថែទាំដើមផ្កាក្ងោក ដើម្បីលើក​ម្ពស់សោ​ភណ្ឌភាពបង្កើតជាគម្របបរិស្ថានបៃតង

(ខេត្តប៉ៃលិន)៖ មានប្រ​សាសន៍ក្នុង​ឱកា​សអ​ញ្ជើញដឹក​នាំក្រុម​ការងារចុះពិនិត្យមើលការសម្អាតបរិស្សាន និងបន្តដាំដុះ​ដើមផ្កា​ក្ងោក​បន្ថែម​នៅអមតាម​ដងផ្លូវជាតិ និងផ្លូវលំនានាក្នុង​ខេត្ត នារសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលនៃគណៈអ​ភិបាលខេត្តប៉ៃលិនបានថ្លែងឱ្យដឹងថា នៅថ្ងៃអនា​គតខាងមុខ កូនឈើ និងដើ​មផ្ការាប់ពាន់ដើមនឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវ​នានាទូទាំង​ខេត្ត។ ដូច្នេះលោកជំទាវ សូ​មអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រ​ប់មជ្ឈដ្ឋានទាំ​ងអស់ ត្រូវរួមដៃគ្នាដាំដុះ និ​ងថែទាំដើមឈើដើម្បីលើកកម្ពស់សោភណ្ឌភាព និងបង្កើតជាគម្របបរិ​ស្ថានបៃតងក្នុងខេត្តប៉ៃលិន។

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារឱ្យបានកាន់​តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាពក៏ដូចជាប​ន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុងប្រកបដោយសោភណ្ឌភាពស្រស់បំព្រងក្នុងការទា​ក់ទាញភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើនឡើងៗ ដែលជាកត្តាមួយក្នុងការចូល​រួមចំណែកការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវបានដឹកនាំ ក្រុមការងារចុះពិនិត្យមើលការដាំដុះបន្ថែមនូវដើមផ្កាក្ងោករាប់ពាន់ដើមនៅអមតាមដងផ្លូវ​នានាក្នុងខេត្តហើយបច្ចុប្បន្នដើមផ្កាក្ងោកមួយចំនួនដែលដាំដុះកាលពីពេលកន្លងមកគឺកំពុងតែបញ្ចេ​ញសម្រស់ផ្កា និង​សោភណ្ឌភាពជាបណ្តើរៗ ហើយសង្ឃឹមថា នៅឆ្នាំបន្តបន្ទាប់ទៀតដើមផ្កាក្ងោកទាំងនេះកាន់តែបញ្ចេ​ញសម្រស់ស្រស់ស្អាតពាសពេញទីរួមខេត្តប៉ៃលិន។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមកា​រងារ មន្រ្តីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលបានចូលរួមចំ​ណែកយ៉ាង​សំ​ខាន់ជួយថែរក្សាបរិស្ថានល្អជាពិសេសផ្នែកអនាម័យសំរាមបានយ៉ាងល្អស្អាត សក្តិសមជា​ទីក្រុង​ស្អាតគំរូហើយសូមចូលរួមបន្តថែរក្សាវប្បធម៌ដ៏ល្អប្រពៃផូរផង់នេះជារៀងរហូតដើម្បីទីក្រុង​ស្អាត បរិស្ថានល្អ សុខភាពមាំមួន និងអាយុយឺនយូរថែមទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *