(បាត់ដំបង)៖ ករណីប្រទះឃើញសពជនរងគ្រោះកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ពេលនេះសមត្ថកិច្ចចាប់ក្រុមជនសង្ស័យបានហើយ។ ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមមាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងនគរបាលស្រុកសង្កែដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ក្នុងករណីឃាតកម្មសម្លាប់ជនរងគ្រោះឈ្មោះប្រោញ គ្រិន ភេទប្រុស អាយុ ៦៥ឆ្នាំជាអ្នករស់ នៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលត្រូវបានប្រទះឃើញសពកាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៦ នៅក្នុងប្រឡាយក្រុមទី៣៦ ភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
មនុស្សទាំង០៣នាក់នោះគឺ៖
១-ឈ្មោះ សុវណ្ណ បញ្ញា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២-ឈ្មោះ ហ៊ាង បូរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ កុល ណុន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ឈ្មោះ សុវណ្ណ បញ្ញា បានឆ្លើយថា ខ្លួននិងឈ្មោះ ហ៊ាង បូរិទ្ធ បានរៀបគម្រោងសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិមានម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ឆ្នាំ២០២៦ ពាក់ផ្លាកលេខបាត់ដំបង 1AZ-6458 និងទូរស័ព្ទដៃ រួចយកសពជនរងគ្រោះ ទៅចោលនៅប្រឡាយមួយកន្លែងក៏ប៉ុន្តែមកដល់ពេលនេះសមត្ថកិច្ចពុំទាន់រកឃើញវត្ថុតាងដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅឡើយទេក្រៅតែពីម៉ូតូរបស់ជនសង័្សយចំនួន ០២គ្រឿង និងទូរស័ព្ទផង។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






