(ខេត្តប៉ៃលិន)៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដោយមានការអញ្ជើញពីសំណាក់លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនដោយមានសហការី អនុសាខាក្រុង/ស្រុក មន្ត្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងមន្ត្រីនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋជាច្រើននាក់។
បើតាមប្រភពព័ត៌មានពីលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងថា ការបើកយុទ្ធនាការណ៍ អប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះមានការសហការចូលរួមអំពីស្នងការដ្ឋានខេត្ត សាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់នៅពេលខាងមុខដែលការធ្វើនេះមានចំនួនពីរទីតាំងគឺ ទីតាំងទី១. នៅមុខអាស្រមលោកយាយយ៉ាត ទីតាំងទី២. នៅផ្សារសាលាក្រៅស្រុកសាលាក្រៅ។
លោកបានបន្តទៀតថា ចំពោះយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ផ្លូវគោកនេះ ក្រុមការងារបានបែងចែកជាក្រុមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងមានក្រុមសម្របសម្រួលសំណួរ-ចម្លើយហើយផ្តល់រង្វាន់ជូនប្រជាពលរដ្ឋ ដែលបានឆ្លើយសំណួរត្រឹមត្រូវ។
នៅក្នុងឱកាសបើកយុទ្ធនាការនេះដែរ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង និងពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ បណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាដែលនាមផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយក្តីនឹងរលឹកព្រមទាំងកោតសរសើរចំពោះមន្រ្តីរាជការ កងកម្លាំង មន្រ្តីប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តដែលបានលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមធ្វើយុទ្ធនាការនេះ។
លោកជំទាវ ពៅ សុខ បានបន្ថែមទៀតថា «យុទ្ធនាការនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកហើយកត្តាគួរធ្វើ ឬមិនធ្វើពេលប្រើប្រាស់យានយន្ត និងត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវក្នុងពេលកំពុងធ្វើដំណើរទោះជិតឬឆ្ងាយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍»។ ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ជាពិសេសក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណ ចំពោះលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដែលតែងតែយកចិត្តទុកដាក់ និងចូលរួមសហកាជាមួយមន្រ្តីប្រតិបត្តិសាខា និងមន្ត្រីនគរបាលចរាចរណ៍ជាប្រចាំរៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នាឱ្យទទួលបានលទ្ធផលល្អនាថ្ងៃនេះផងដែរ៕









