(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ គេសង្កេតឃើញក្រុមការងាររដ្ឋបាលខេត្តប៉ៃលិនបាននាំគ្នាចាប់ផ្តើមសស្រាក់សស្រាំ រៀបចំតុបតែងកែលម្អនៅតាមដងផ្លូវសាធារណៈក្នុងក្រុងជាពិសេសក្បែរមុខសាលាខេត្តដោយចាប់ផ្តើមតាំងពីព្រឹកដល់ល្ងាចដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះពោលគឺចាប់ផ្តើមនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ សារឿន ភេទប្រុស ជាអាជីវករលក់ដូរនៅផ្សាររាត្រីលើសួនកុមារនាពេលយប់បានរៀបរាប់ឱ្យដឹងថា អស់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ក្រុមការងារនៃរដ្ឋបាលសាលាខេត្តប៉ៃលិនបាននាំគ្នាមមាញឹកក្នុងការរៀបចំតុបតែង កែលម្អអំពូលភ្លើងដោយរៀបជាក្បាច់រូបសត្វ និងកែច្នៃជាផ្ការំដួលព្រមទាំងផ្កាភ្ញីចម្រុះពណ៌ផ្សេងៗផងដែរ។
ប្រភពដដែលបានបន្តទៀតថា ក្រុមការងារក៏បាននាំគ្នាចងអំពូលភ្លើងចម្រុះពណ៌នៅក្បែរវិមានឯករាជ្យដោយដាក់អំពូលភ្លើងតូចធំអមទៅដោយរូបផ្កាពណ៌លឿង ក្រហម និងផ្កាឈូកដែលធ្វើឱ្យកាន់តែទាក់ទាញនៅពេលប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តតាមដងផ្លូវនាពេលរាត្រី។
ម្យ៉ាងវិញទៀត ក្រុមការងាររដ្ឋបាលខេត្តក៏បានដាំផ្កាចម្រុះពណ៌នៅចំកណ្តាលពុះចែកទ្រូងផ្លូវជាហូរហែខណៈពេលដែលគេធ្វើដំណើរនាពេលថ្ងៃមើលទៅមានសភាពស្រស់ស្អាតហាក់ដូចជាទីក្រុងផ្កា ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរធ្វើឱ្យប្លែក និងសប្បាយរីករាយ។
បើតាមការរៀបរាប់ពីភ្ញៀវទេសចរម្នាក់ ឈ្មោះ ប៊ុនសាន្ត ភេទប្រុស រស់នៅខេត្តបាត់ដំបងបានឱ្យដឹងថា គាត់ធ្វើដំណើរមកខេត្តប៉ៃលិនដើម្បីជួបជុំបងប្អូនធ្វើពិធីសែនផ្នូរឱ្យឪពុកម្តាយដែលបានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយលុះពេលមកដល់ក្នុងក្រុងប៉ៃលិននាពេលនេះពិតជារៀបចំបានល្អ ពោរពេញទៅដោយទេសភាពស្រស់បំព្រងហើយមើលទៅនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ គាត់នឹងនាំប្រពន្ធកូនចូលមកលេងម្តងទៀតដើម្បីធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តនេះព្រោះគេប្រាប់ថា មានការៀបចំកន្លែងលេងជាច្រើនជាពិសេសនៅក្បែរដងស្ទឹងតែម្តង។ លើសពីនេះ គាត់នឹងបបួលនាំបងប្អូនសាច់ញាតិឱ្យនាំគ្នាមកលេងក្នុងប៉ៃលិននេះឱ្យកាន់តែច្រើនព្រោះទេសភាពក្នុងក្រុងប៉ៃលិន ទាំងយប់ទាំងថ្ងៃគឺមានលក្ខណៈប្លែកភ្នែក។
សូមបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិនមានរមណីយដ្ឋានជាច្រើនដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរឱ្យចូលទៅលេងកម្សាន្តដូចជា រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាង រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ (អូរតាវ៉ៅ) រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានស្ទឹងតារាប និងមានកន្លែងលេងកម្សាន្តផ្សេងៗជាច្រើនទៀត៕










