ទីបំផុតពន្លឺយុត្តិធម៌ត្រូវបានរកឃើញក្រោមការដឹកនាំរបស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជូនជនល្មើសឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មកអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ទៅលើជនល្មើសឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដោយបំបែកសំណុំរឿងជា ២៖
-សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ចំនួន ៥នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលអំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ។
-សំណុំរឿងទី២ (ជនរងគ្រោះរងរបួសធ្ងន់ចំនួន ១នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យរបួសដល់អ្នកដទៃ និងរត់គេចខ្លួន ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុង បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ដែលអំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ។
ក្រោយពីសម្រេចធ្វើការចោទប្រកាន់រួច តំណាងអយ្យការបានបញ្ជូនសំណុំរឿងទាំងពីរខាងលើទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងឃុំខ្លួនជនសង្ស័យទៅតាមច្បាប់។
នេះសបញ្ជាក់ឱ្យឃើញថា ឯកឧត្តមព្រះរាជអាជ្ញា និងតំណាងអយ្យការនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានខិតខំយកចិត្តទុកដាក់ទៅលើករណីនេះរហូតអាចនាំខ្លួនជនសង្ស័យមកតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ ធ្វើយ៉ាងណាឱ្យក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះទាំងអស់ទទួលបាននូវយុត្តិធម៌ពេញលេញ ។



