(ភ្នំពេញ)៖ ទីតាំងមួយកន្លែងដែលដាក់ស្លាកនៅខាងមុខថា «ផ្ទះលក់ ឬជួល» ត្រូវបានប្រជាពលរដ្ឋអះអាងថា ជាការបំភ័ន្តភ្នែកខណៈពេលខាងក្នុងវិញត្រូវបានបើកដំណើរការជាទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិតអនឡាញជាច្រើនប្រភេទដែលមានមនុស្សចូលលេងយ៉ាងច្រើន និងបើកដំណើរការទាំងយប់ទាំងថ្ងៃ។
ទីតាំងខាងលើនេះស្ថិតនៅតាមផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) ខាងមុខអតីតផ្សារសូរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានឱ្យដឹងថា នៅខាងមុខផ្ទះគេឃើញមានស្លាកបិទថា «ផ្ទះលក់ ឬជួល» ប៉ុន្តែពេលចូលទៅខាងក្នុងវិញទើបដឹងថាជាទីតាំងបើកល្បែងស៊ីសងតាមអ៊ីនធឺណិតអនឡាញដែលមានអ្នកចូលលេងជាប្រចាំ។
តាមការអះអាងពីប្រជាពលរដ្ឋនៅក្បែរទីតាំងនោះបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងនេះបើកដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃហើយមានមនុស្សជាច្រើនជាពិសេសក្រុមយុវជន និងអ្នកញៀនល្បែងចូលទៅប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃបង្កឱ្យមានការព្រួយបារម្ភពីសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានបន្តថា កន្លែងណាមានបើកល្បែងស៊ីសង មិនយូរមិនឆាប់ទេតែងតែអាចនាំឱ្យកើតមានបញ្ហាអសន្តិសុខផ្សេងៗដូចជា អំពើលួច ឆក់ វាយប្លន់ គាស់ផ្ទះ ឬអំពើហិង្សាផ្សេងៗនៅក្នុងសង្គម និងគ្រួសារ។ ជាពិសេសទីតាំងបែបនេះតែងតែទាក់ទាញក្រុមក្មេងទំនើង ក្មេងស្ទាវ ឬអ្នកញៀនថ្នាំឱ្យមកប្រមូលផ្តុំគ្នាជាញឹកញាប់។
ដោយឡែក ប្រជាពលរដ្ឋនៅតំបន់នោះក៏បានសម្តែងការងឿងឆ្ងល់ផងដែរខណៈដែលទីតាំងល្បែងស៊ីសងនេះបើកដំណើរការយ៉ាងរលូនជាយូរមកហើយប៉ុន្តែមិនទាន់ឃើញមានការចុះបង្ក្រាប ឬចាត់វិធានការពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅឡើយទេ។
ក្នុងន័យនេះ ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យ និងចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះទីតាំងដែលសង្ស័យថាបើកល្បែងស៊ីសងខុសច្បាប់ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕



