(កំពង់ចាម)៖ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារួមដំណេីរដោយប្រតិភូព្រឹទ្ធសភាភូមិភាគ២ អញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសក្នុងឱកាសខែរ៉ាម៉ាឌនជូនប្រជាពលរដ្ឋខ្មែរសាសនិកឥស្លាមក្នុងក្រុងកំពង់ចាម។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ស្លេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោក-លោកស្រីប្រធានមន្ទីរព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ នៅវិហារឥស្លាម ស្ថិតនៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូរិទ្ធក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា។
ឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភាបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លាធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារសេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាពព្រមទាំងបានធ្វើឱ្យមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនាដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ឯកឧត្តម អ៊ុច បូរិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាបានថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនាហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕









