(ខេត្តរតនគិរី)៖ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីសង្កេតឃើញមានទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយបាននឹងកំពុងបើកដំណើរការយ៉ាងចំហ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមប្រភពច្បាស់ការ សកម្មភាពល្បែងស៊ីសងខុសច្បាប់នេះបានចាប់ផ្តើមដំណើរការយ៉ាងពេញបន្ទុកតាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មកម្ល៉េះ។ នៅក្នុងទីតាំងនោះ មានបើកលេងល្បែងច្រើនប្រភេទដូចជា ល្បែងជល់មាន់ អាប៉ោង យូគី និងល្បែងភ្នាល់ផ្សេងៗទៀត។
ប្រភពដដែលបានបង្ហើបថា ទីតាំងល្បែងដ៏ធំនេះត្រូវបានគេសង្ស័យថា មានការរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួនក្នុងនោះមានឈ្មោះ លោក ងួន សុវណ្ណា (ហៅអូនធំ) និងបុគ្គលឈ្មោះ មេសា ដែលត្រូវបានគេស្គាល់ថាជាអ្នកចាត់ចែងផ្ទាល់នៅទីតាំង។ ជាមួយគ្នានេះក៏មានការលេចឮឈ្មោះបុគ្គលមានងារជាឧកញ៉ាម្នាក់គឺលោក ឡេង សំណាងថា មានការពាក់ព័ន្ធពីក្រោយខ្នងផងដែរ។
ការបើកឱ្យមានល្បែងស៊ីសងយ៉ាងពពាក់ពពូនបែបនេះ បានបង្កឱ្យមានការរិះគន់ និងក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ចំពោះបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាពិសេសខ្លាចកើតមាននូវអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ។
យើងមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាទីតាំងល្បែងដ៏ធំមួយនេះអាចបើកដំណើរការបានយ៉ាងរលូន និងចំហបែបនេះដោយមិនញញើតច្បាប់ទាល់តែសោះ? នេះជាការលើកឡើងរបស់ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ។
មហាជនកំពុងរង់ចាំមើលថា តើលោកអភិបាលខេត្តរតនគិរីក៏ដូចជាស្នងការនគរបាលខេត្តមានវិធានការបែបណាចំពោះទីតាំងល្បែងស៊ីសងដែលកំពុងផ្គើននឹងគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលមួយនេះ? តើពិតជាមាន “ខ្នងបង្អែក” នៅពីក្រោយចាំជួយសម្រួលដូចការសង្ស័យរបស់មហាជនមែនដែរឬយ៉ាងណា?
អង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋានដើម្បីជម្រះមន្ទិលសង្ស័យ និងស្វែងរកការពិតជូនសាធារណជននៅពេលក្រោយ៕





