(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់។ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាមួយសប្បុរសជនជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារបានឧបត្ថម្ភការសាងសង់អគារថ្មី ១ខ្នង (ទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ) តម្លៃប្រមាណ ៣៨,០០០ ដុល្លារ បែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១) ដោយអគារនេះចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាបណ្តើរៗតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។
ឯកឧត្តមអភិបាលខេត្តបានយកឱកាសនោះផ្ដាំផ្ញើដល់គ្រូពេទ្យ សូមឱ្យយកអាគារមណ្ឌលសុខភាពដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងសូមបង្កើនចំណេះជំនាញ ឯកទេសឱ្យបានគ្រប់ៗគ្នាពីព្រោះជំងឺក៏មានការរាតត្បាតកាចសាហាវដែរ។ ជាមួយគ្នានេះក៏សូមឱ្យធ្វើការកៀងគរដៃគូអភិវឌ្ឍន៍ សប្បុរសជននានាដើម្បីបន្តចូលរួមគាំទ្រដើម្បីឱ្យអង្គភាពរបស់យើងមានការរីកចម្រើនតទៅមុខទៀត៕












