(ខេត្តប៉ៃលិន)៖ ក្រោយទទួលបានដំណឹងថា ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានរងគ្រោះដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រមទាំងក្រុមការងារកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៧គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិដោយគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះ សូមកុំឱ្យមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត។
លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា គ្រោះថ្នាក់ធម្មជាតិគឺតែងតែកើតមានឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រលំផ្ទះទាំងស្រុង ចំនួន ១២ខ្នង (ស្មើនឹង ១២គ្រួសារ) របើកដំបូលផ្ទះ ចំនួន ៧៥ខ្នង (ស្មើនឹង ៧៥គ្រួសារ) នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វនោះទេដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ហើយបើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅ សូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតឱ្យបានលឿនដើម្បីក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់បានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ មានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ កុំឱ្យមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀតហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពរបស់ពួកគាត់បានយូរអង្វែងក្តីតែក៏អាចដោះស្រាយបានមួយរយៈផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា។
សូមបញ្ជាក់ថា៖ អំណោយសង្គ្រោះបន្ទាន់ដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ រួមមាន៖ អង្ករ ៥០គីឡូក្រាម , តង់កៅស៊ូ ២ (4x6m និង2x3m), ឃីត ១កញ្ចប់ (ទឹកត្រីនិងទឹកស៊ីអ៊ីវ, ត្រី ខ, កន្ទេល មុង ភួយ, ឆ្នាំងបាយ ឆ្នាំងខ្ទះ ចានបាយ វែកបាយ វែកសម្ល,ទឹកសុទ្ធ) និងថវិកាចំនួន ៥០ម៉ឺនរៀលផងដែរ៕








