លោកជំទាវអភិបាលខេត្តប៉ៃលិនលើកតាំងរូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃអភិបាលខេត្តប៉ៃលិនបានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើកតាំងរូបសំណាកព្រះវិស្ណុ១អង្គដែលធ្វើអំពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មីស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលមកក្នុងខេត្តប៉ៃលិនផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោម គោលនយោបាយឈ្នះ ឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាខេត្តនៅក្នុងសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលព្រះវិស្ណុមួយនេះ បានលេចចេញជារូបរាងឡើងនាពេលនេះគឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះផងដែរ។

នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស  និងអាជ្ញាធរមូលដ្ឋានដើម្បីធ្វើឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា រូបសំណាកព្រះវិស្ណុដៃ៨ គឺជារូបបង្ហាញអំណាចសក្ការៈខ្ពស់បំផុតមួយក្នុងសាសនាព្រហ្មញ្ញ-ហិណ្ឌូ និងសិល្បៈខ្មែរបុរាណដោយអត្ថន័យទូទៅព្រះវិស្ណុដៃ៨ តំណាងឱ្យអំណាចពេញលេញក្នុងទិសទាំង៨ សមត្ថភាពការពារពិភពលោកគ្រប់ទិសការគ្រប់គ្រងសកលលោក និងធម៌ហើយដៃទាំង៨ កាន់វត្ថុសក្ការៈផ្សេងៗ ដែលមានន័យជាក់លាក់គឺ «ចក្រ»– យុត្តិធម៌ និងការផ្តន្ទាទោសអំពើអកុសល, «ស័ង្ខ» – សំឡេងសកល ការដាស់ភ្ញាក់ ធម៌, «កដា»– កម្លាំង និងការការពារ, «ផ្កាឈូក»– ភាពបរិសុទ្ធ បញ្ញា និងការកើតឡើងវិញ, «ធ្នូ»– ការត្រៀមការពារ និងការគ្រប់គ្រងសត្រូវ, «ព្រួញ»– ការចាត់ចែង និងការវាយប្រហារលើអំពើអាក្រក់, «ដាវ»– ប្រាជ្ញា កាត់ផ្តាច់អវិជ្ជា, និង«ខែល ឬ ខ្សែ»– ការការពារ និងការគ្រប់គ្រងអំពើអសុរ(វត្ថុខ្លះអាចខុសគ្នាតាមសិល្បៈ និងសម័យ)៕

 

Leave a Reply

Your email address will not be published. Required fields are marked *