សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថានរហូតកម្ពុជាទទួលចំណាត់ថ្នាក់ជាប្រទេសមានបរិស្ថានធម្មជាតិលេខ១ លើពិភពលោក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជានាពេលកន្លងមកដែលនាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។

តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News & World Report និងសូមអបអរសាទរ និងកោតសរសើរ»។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយព្រោះសមិទ្ធផលនេះជាមោទនភាពរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំ ២០២៦ នេះ នៅក្នុងរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ U.S. News & World Report។

ការវាយតម្លៃនេះផ្អែកលើលក្ខណសម្បត្តិសំខាន់ៗរួមមាន៖ ការគ្រប់គ្រងបរិស្ថានបានល្អ និងការផ្តល់ខ្យល់អាកាសបរិសុទ្ធមានការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវៈចម្រុះ ប្រកបដោយប្រសិទ្ធភាព៕

 

Leave a Reply

Your email address will not be published. Required fields are marked *