(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ លើការដ្ឋានផ្លូវជាតិលេខ៥ចំណុចមុខសាលាបឋមសិក្សាសាលាក្រហម ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុករថយន្តដោយល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន។
មុនដំបូងមានម៉ូតូ០១គ្រឿង ម៉ាកហុងដា Honda សេ១២៥ ពាក់ស្លាកលេខ1AQ-2998សៀមរាបបើកបរដោយយុវជនម្នាក់ មានទីលំនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរ០២នាក់ភេទប្រុស បើកបរក្នុងទិសដៅពីលិចទៅកើតលុះដល់កន្លែងកើតហេតុខាងលើបានគេចពីរថយន្តដែលក្តាប់ភិនភាគមិនបានក្នុងទិសដៅផ្ទុយគ្នាដែលកំពុងត្រៀមប្ដូរគន្លងបត់ឆ្វេងដោយមានល្បឿនលឿនដែរ ម៉ូតូក៏ជ្រុលចង្កូតទៅបុករថយន្ត០១គ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-8555 បើកបរដោយឈ្មោះសូ សារួម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីកើតទៅលិចដែលកំពុងបើកបរខាងស្ដាំដៃលើគន្លងត្រូវរបស់ខ្លួនចំពីមុខពេញទំហឹងបណ្ដាលឱ្យកើតមានគ្រោះថ្នាក់តែម្ដង។
ក្រោយពេលកើតហេតុ អ្នកជួយសង្គ្រោះ និងសមត្ថកិច្ចនគរបាលជំនាញស្រុកបានទៅដល់។ ក្នុងនោះពិនិត្យឃើញថា អ្នកបើកបរម៉ូតូ/អ្នករួមដំណើរភាគីម៉ូតូ និងម៉ូតូនៅកន្លែងកើតហេតុបានស្លាប់នៅកន្លែងហើយនាំមកតម្កល់ទុករកសាច់ញាតិនៅវត្តចមសទ្ធាវាសហៅស្វាយចាស់នាភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណឯអ្នកបើកបររថយន្ត និងរថយន្តនៅកន្លែងកើតហេតុដែរ អ្នកបើកបររថយន្តមិនបានរត់គេចទេហើយសមត្ថកិច្ចនគរបាលបាននាំមកនគរបាលជំនាញដើម្បីសាកសួរបំភ្លឺនិងរង់ចាំការពិនិត្យសម្រេចពីជំនាញ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ចំពោះផ្នែកមនុស្សដែលស្លាប់០៣នាក់ ភេទប្រុសជាអ្នកបើកបរ និងរួមដំណើរម៉ូតូរួមមាន អ្នកបើកបរម៉ូតូឈ្មោះ ឆា ដាវីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ។
អ្នករួមដំណើរឈ្មោះ ឆា ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ ប្អូនរបស់អ្នកបើកបរ មុខរបរកម្មករ ទាំងពីររស់នៅភូមិគោកចារឃុំស្ពានស្រែង ស្រុកភ្នំស្រុកនិងអ្នករួមដំណើរម៉ូតូ ឈ្មោះ ច្រឹម រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះទាំង៣ ទើបតែរកការងារខាងសំណង់ធ្វើបាននៅក្រុងប៉ោយប៉ែតហើយបានសម្រាកវិលមកលេងផ្ទះបន្តិចក៏ជួបនឹងគ្រោះថ្នាក់ដ៏គួរសោកស្តាយបែបនេះ។
ប្រភពបន្តថា ចំពោះផ្នែកសម្ភារៈជាមធ្យោបាយធ្វើដំណើរវិញគឺរថយន្តខូចខាតធ្ងន់០១គ្រឿងឯម៉ូតូខូចខាតធ្ងន់០១គ្រឿងដែរ។
យោងការស្រាវជ្រាវ ពិនិត្យ វាស់វែងបច្ចេកទេស ប្រភពសាក្សីនានា សមត្ថកិច្ចសន្និដ្ឋានបឋមមូលហេតុនៃគ្រោះថ្នាក់នេះមកពីម៉ូតូបើកបរមានល្បឿនលឿនក្នុងទីប្រជុំជន។


