អង្គុយផឹកស៊ីជាមួយគ្នាក្លាយជាជម្លោះកាប់សម្លាប់យ៉ាងរន្ធត់

 

​(ខេត្តបន្ទាយមានជ័យ)៖ អង្គុយផឹកជាមួយគ្នាទាស់សម្តី ទាញដាវកាប់រហូតជនរងគ្រោះបាត់បង់ជីវិតរួចអូសសាកសពជនរងគ្រោះទៅដាក់មុខផ្ទះយ៉ាងអណោចអធម៌ ។

​ព័ត៌មានលម្អិតនៃហេតុការណ៍ មិត្តភក្តិសម្លាប់គ្នាក្នុងវង់ផឹកសុីនេះកើតឡើងនាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែលជាង ៨:៥០នាទីយប់​ស្ថិតនៅភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

​ជនរងគ្រោះ៖ ឈ្មោះ សុខន ឃីម ភេទប្រុស អាយុ ២៣ឆ្នាំ (ស្លាប់នៅនឹងកន្លែង)។

​ជនដៃដល់៖ ឈ្មោះ ផល្លី ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ (ត្រូវបានឃាត់ខ្លួន)។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់ជាមិត្តភ័ក្តសិ្នទ្ធទាំងពីរនាក់បានអង្គុយផឹកស៊ីជាមួយគ្នាជាច្រើនម៉ោងអត់មានអ្នកទីបីណាម្នាក់ចូលមករំខានទេក្រោយមកមិនដឹងថា មានទំនាស់ពាក្យសម្តី ឬមានគំនុំពីមុនមកកម្រិតណានោះទេ ស្រាប់តែជនដៃដល់បានទាញកាំបិត(ដាវ)កាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតរហូតដល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់ហើយ ជនដៃដល់បានអូសសាកសពជនរងគ្រោះអូសបានចម្ងាយជាង ២០ម៉ែត្រយកទៅដាក់នៅមុខផ្ទះរួចអង្គុយមើលសាកសពយ៉ាងព្រងើយ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកមង្គលបុរីសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសឿបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនដៃដល់ភ្លាមៗផងដែរ។  បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ចំណែកសពជនរងគ្រោះបន្ទាប់ធ្វើកោសល្យវិច្ច័យរួចរាល់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

 

Leave a Reply

Your email address will not be published. Required fields are marked *