(បាត់ដំបង)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកសង្កែ ដែលមានលោក នាង ច័ន្ទ ថារ៉ា ជាអភិបាលស្រុក ដោយមានការចូលរួមពីលោកស្រី នេត សុផារិទ្ធ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបាត់ដំបង បានចុះបង្ក្រាបបទល្មើស ល្បែងតាមប្រព័ន្ធអនឡាញ (Online) មួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកសង្កែ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងអគារមួយកន្លែងដែលមានយីហោ ងាយស្រួល ប្តូរប្រាក់ (EASY EXCHANGE) (សាខាទី៣) ស្ថិតក្នុងក្រុមទី០២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១១នាក់រួមមាន៖
១.ឈ្មោះ ម៉ៅ កាក់ ភេទស្រី អាយុ៣២ឆ្នាំ
២.ឈ្មោះ វ៉ុន ជីវ៉ា ភេទស្រី អាយុ១៩ឆ្នាំ ទាំងពីររស់នៅឃុំអន្លង់វិល ស្រុកសង្កែ
៣.ឈ្មោះ ស៊ុន ស៊ីថន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិថ្មពួក ស្រុកពួក ខេត្តបន្ទាយមានជ័យ
៤.ឈ្មោះ សុង រក្សា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិស្វាយស ស្រុកកំរៀង ខេត្តបាត់ដំបង
៥.ឈ្មោះ វែង សុធារ៉ា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ
៦.ឈ្មោះ ឡេង ផាត់ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកសៀមរាប ខេត្តសៀមរាប
៧.ឈ្មោះ ឡាត់ ឡុង ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិស្រះកំប៉ោក ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង
៨.ឈ្មោះ ម៉ៅ ស្រីដា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិប៉ាហ៊ី ស្រុកប៉ៃលិន ខេត្តប៉ៃលិន
៩.ឈ្មោះ លីន សួរចិន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
១០.ឈ្មោះ សាន់ ចាន់ពេជ្រ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មកើត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
១១.ឈ្មោះ តាង ស្រីដា ភេទស្រីអាយុ២២ឆ្នាំ រស់នៅភូមិថ្មដាច់ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដកហូតមាន៖
-laptop ចំនួន ០៩គ្រឿង
-ម៉ូនីទ័រ កុំព្យូទ័រលើតុ ចំនួន ០១គ្រឿង
-ម៉ាស៊ីនហាត់ឌីស ចំនួន ៣៨ ដែល
-ទូរស័ព្ទ ១០ គ្រឿង
-ម៉ូតូចំនួន ០៧ គ្រឿង។
ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។





