(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំសមត្ថកិច្ចចម្រុះសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្តចុះត្រួតពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដោយធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យថា មានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។
ប្រភពព័ត៌មានបានឱ្យដឹងថា ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិនគឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស ទីតាំងកាស៊ីណូដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្សជាពិសេសបទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី។
បន្ទាប់ពីកងកម្លាំងគណៈបញ្ចាការឯកភាពខេត្តប៉ៃលិនបន្តចុះពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំបានរកឃើញទីតាំងមួយកន្លែងសង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន ៖ កុំព្យូទ័រ ALL in ONE ចំនួន ១៨គ្រឿង, MONITER ចំនួន៤គ្រឿង, ទូរស័ព្ទដៃចំនួន ១៤៧គ្រឿង, CPU ចំនួន ៣គ្រឿង, អាគុយទប់ភ្លើងចំនួន ២គ្រឿង, តុចំនួន ១១តុ, ស៊ីមស្មាត ចំនួន១៣ស៊ីម និងអត្តសញ្ញាណបណ្ណជនជាតិចិនចំនួន ១សន្លឹកហើយសូមរំលឹកផងដែរថាទីតាំងនេះកន្លងមកបានកាត់ផ្តាច់ប្រព័ន្ធខ្សែកាបអុបទិចអុីនធើណែតប៉ុន្តែជនសង្ស័យបានប្រើប្រាស់សុីមកាតជំនួសវិញ៕

