(ព្រៃវែង)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជូនចំពោះលោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្នល់លេខ៧១៤។
ការអញ្ជើញចូលរួមនាឱកាសនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែកទុក្ខលំបាកជាមួយក្រុមគ្រួសារសពខណៈថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានក្តីរន្ធត់ ក្ដុកក្ដួល និងសោកសង្រេងជាខ្លាំងចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបដែលបានខិតខំបំពេញភារកិច្ចការងារដោយស្មោះត្រង់អស់ពីកម្លាំងកាយចិត្ត។
សូមជម្រាបថា លោកវរសេនីយ៍ត្រី លី ព្រឿង បានទទួលមរណភាពកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣ និង ៤៥ នាទីរសៀលក្នុងជន្មាយុ ៦៨ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ក្រុមគ្រួសារ និងអង្គភាពការងារ។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជូនចំពោះក្រុមគ្រួសារសពព្រមទាំងលើកទឹកចិត្តឱ្យមានកម្លាំងចិត្តមាំមួនក្នុងការជម្នះទុក្ខសោកដ៏ធ្ងន់ធ្ងរនេះ។
ជាទីបញ្ចប់ ឯកឧត្តមបានលំឱនកាយវាចាចិត្ត លើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមដឹកនាំដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី លី ព្រឿង ឱ្យបានទៅកាន់សុគតិភព និងឋានបរមសុខជានិច្ចនិរន្តរ៍ខណៈសូមផ្ញើកម្លាំងចិត្ត និងសេចក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅជូនដល់ក្រុមគ្រួសារ៕






