(រាជធានីភ្នំពេញ)៖ នៅថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង បានដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងចំនួន៣សំខាន់ៗរួមមាន៖
(១)បូកសរុបសភាពការណ៍វិស័យទេសចរណ៍ទាំងកម្រិតសកល តំបន់ និងកម្ពុជា។
ទី(២) ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងការងារដែលមិនទាន់សម្រេចបានចន្លោះសន្និបាតឆ្នាំ២០២៥ និងសន្និបាតឆ្នាំ២០២៦នេះ ដោយរួមគ្នាពិភាក្សា លើកយោបល់ ផ្តល់ធាតុចូល ផ្លាស់ប្តូរទស្សនៈឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីចង្វាក់ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ទាំងផ្នែកដែលស្ថិតក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងផ្នែកដែលគាំទ្រដោយប្រយោលដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមពិតប្រាកដ និងសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធ។
ទី(៣) គឺការឈានទៅដាក់ចេញរួមគ្នានូវវិធានការគន្លឹះ និងលើកទិសដៅការងារបន្តដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ដោយឈរលើភាពជាក់ស្តែង ប្រាកដនិយម, ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ», និងអភិក្រម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមគ្នាទទួលផល» ដោយឈរលើស្មារតី បុរេសកម្ម, សកម្ម, អន្តរសកម្ម និង (ក្នុងករណីចាំបាច់) ប្រតិកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍មានលក្ខណៈជាសន្និបាតមហាគ្រួសារវិស័យទេសចរណ៍បើកទូលាយ និងមានលក្ខណៈ Hybrid ដោយពិធីបើកសន្និបាត មានសមាសភាពចូលរួមដោយផ្ទាល់ប្រមាណជាង ១៣០០រូបនិងចូលរួមតាមប្រព័ន្ធ Zoom ប្រមាណ ៧០០រូប សរុបទាំងអស់ ២០០០រូប អញ្ជើញមកពីគ្រប់ផ្នែក គ្រប់ថ្នាក់ពាក់ព័ន្ធទាំងអស់ដែលស្ថិតនៅក្នុងក្របខណ្ឌសសរស្តម្ភកិច្ចសហប្រតិបត្តិការទាំង៦ពោលគឺ៖
(១) ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម-លោកជំទាវតំណាងអន្តរក្រសួង ស្ថាប័ន
(២)តំណាងគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥
(៣) ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ
(៤) ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលអញ្ជើញមកពីវិស័យឯកជន
(៥) លោក-លោកស្រីតំណាងអង្គភាពសារព័ត៌មានជាតិនិងអន្តរជាតិ និងអ្នកផលិតមាតិកាព័ត៌មាន ពិធីករ-ពិធីការិនី
(៦) បុគ្គលម្នាក់ៗដែលជាសមាជិកមហាគ្រួសារវិស័យទេសចរណ៍។
ព្រមជាមួយគ្នានេះ សន្និបាតមហាគ្រួសារវិស័យទេសចរណ៍នៅឆ្នាំ២០២៦ នឹងមានការតាំងពិព័រណ៍សក្តានុពលនៃតំបន់ទេសចរណ៍នៅតាមបណ្ដារាជធានី ខេត្ត និងការតាំងបង្ហាញពីអាជីវកម្ម និងសេវាកម្មទេសចរណ៍ព្រមទាំងការរៀបចំឱ្យមានកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៩:
១/. គុណភាពសេវាកម្មទេសចរណ៍៖ ពីស្តង់ដាទៅភាពជឿជាក់ និងការវិលត្រឡប់មកវិញរបស់ភ្ញៀវ។
២/. វិធីសាស្ត្រចងក្រងសូចនាករ និងការព្យាករណ៍ទេសចរណ៍។
៣/. ការបង្កើតខ្សែទស្សនកិច្ច Cluster វៃឆ្លាតដើម្បីបង្កើនតម្លៃបន្ថែម និងរយៈពេលស្នាក់នៅ។
៤/. ការតភ្ជាប់ និងភាពរលូនក្នុងការធ្វើដំណើរ៖ មូលដ្ឋាននៃការប្រកួតប្រជែងទេសចរណ៍។
៥/. ការទូតទេសចរណ៍ និងម្ហូបអាហារ៖ ឥទ្ធិពលវប្បធម៌ និងការទូតក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
៦/. យុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
៧/. បរិវត្តកម្មទេសចរណ៍ឌីជីថល៖ ទិសដៅថ្មីសម្រាប់បង្កើនភាពប្រកួតប្រជែង។
៨/. ក្រុមការងារបណ្ដាញសង្គម៖ សំឡេងឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា។
៩/. យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង៖ តម្លៃនៃទេសចរណ៍ចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សន្និបាតនេះនឹងដើរតួនាទីជាវេទិកាជាតិដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ជាមួយនឹងការកំណត់ទិសដៅអភិវឌ្ឍទេសចរណ៍ច្បាស់លាស់ និងប្រាកដនិយមប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន៕



